Juventus នឹងធ្វើដំណើរទៅចូលរួមប្រកួត Champions League នៅប្រទេសអ៊ុយក្រែន ដោយសល់តែខ្សែប្រយុទ្ធពីររូបប៉ុណ្ណោះនៅក្នុងក្រុម ខណៈតារាឆ្នើម Cristiano Ronaldo ត្រូវអវត្តមាន។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ ត្រូវបានធ្វើតេស្ដរកឃើញថា បានឆ្លងវីរុសកូរ៉ូណា អំឡុងបំពេញភារកិច្ចជួយក្រុមជម្រើសជាតិរបស់ខ្លួន ហើយខ្សែការពារ Matthijs de Ligt ក៏មិនមានឈ្មោះនៅក្នុងបញ្ជីត្រៀមប្រកួតបើកឆាកនៅ Champions League វគ្គចែកពូលផងដែរ។
ដោយឡែកខ្សែបម្រើ Aaron Ramsey បានត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុម ហើយក៏មានឈ្មោះក្នុងបញ្ជីកីឡាករត្រៀមប៉ះក្រុម Dynamo Kyiv ផងដែរ។
កីឡាករ Juventus ដែលធ្វើដំណើរទៅប្រកួតនៅទីក្រុងគៀវមានដូចជា៖
អ្នកចាំទី: Szczesny, Pinsoglio, Buffon
ខ្សែការពារ: Chiellini, Danilo, Cuadrado, Bonucci, Demiral, Frabotta
ខ្សែបម្រើ: Arthur, Ramsey, Chiesa, Rabiot, Bentancur, Bernardeschi, Portanova, Kulusevski
ខ្សែប្រយុទ្ធ: Morata, Dybala
សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមជើងឯកលីគកំពូលអ៊ីតាលី ជាមួយនឹងក្រុមជើងខ្លាំងអ៊ុយក្រែន នឹងប្រព្រឹត្ដទៅនារាត្រីថ្ងៃអង្គារទី ២០ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២៣៖៥៥នាទី នៅកីឡដ្ឋាន NSC Olimpiyskiy៕