អង្គការផ្កាយសមុទ្របានរៀបចំការជួបជុំក្រុមបាល់ទាត់ជនពិការភ្នែកក្នុងទ្រង់ទ្រាយតូចជាលើកដំបូង កាលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ក្រោយមានការធូរស្បើយនៃការរីករាលជំងឺកូវីដ១៩ ដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចែងដោយក្រសួងសុខាភិបាល។
លោក អ៊ឹម សុភ័ក្ត្រមករា អ្នកសម្របសម្រួលកម្មវិធីគ្រប់ពិការភាព ប្រាប់ AMS Sports នេះក្រុមបាល់ទាត់ជនពិការភ្នែកនេះជាផ្នែកមួយនៃកម្មវិធីជនពិការភាពដែលរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ។ នេះជាការជួបជុំគ្នាឡើងវិញ បន្ទាប់ពីខកខានមួយរយៈដោយសារបញ្ហាជំងឺកូវីដ១៩។
អ្នកសម្របសម្រួលដដែលប្រាប់ថា ជនពិការដែលចូលរួមកម្មវិធីនេះមានអ្នកធ្វើការផ្នែកម៉ាស្សា និងជាបុគ្គលិកតាមស្ថាប័នផ្សេងៗ។ លោកថា ក្នុងការចូលមកលេងបាល់ទាត់នេះ ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយបានលេងកីឡាពេលទំនេរពីការងារ ហើយក៏ទទួលបានការបណ្ដុះបណ្ដាលកីឡាប្រភេទនេះពីអ្នកជំនាញនៅអង្គការផ្កាយសមុទ្រ មិនតែប៉ុណ្ណោះទេ អង្គការក៏មានកម្មវិធីដឹកនាំអ្នកមានសមត្ថភាពទៅចូលរួមការប្រកួតប្រទេសនានាដែរ។
ទាក់ទងទៅនឹងការចូលរួមកម្មវិធីបាល់ទាត់ជនពិការភ្នែកនៅអង្គការផ្កាយសមុទ្រនេះដែរ លោក ហួន ចាន់វាសនា ដែលជាជនពិការមួយរូបបានបង្ហាញអារម្មណ៍រីករាយ ព្រោះមានឱកាសលេងកីឡាដែលលោកចូលចិត្ត។ បច្ចុប្បន្នលោកក៏ជាអ្នកម៉ាស្សាមួយរូបដែរ៕