បន្ទាប់ពីឈ្នះពាន Ballon d’Or 2021 ដែលជាការឈ្នះលើកទី៧ក្នុងអាជីពរបស់ខ្លួន កំពូលខ្សែប្រយុទ្ធ Lionel Messi បានបញ្ចេញយោបល់ថា France Football ដែលជាអង្គភាពរៀបចំពាន Ballon d’Or គួរតែផ្ដល់ពាន Ballon d’Or 2020 ជូន Robert Lewandowski។
Lewandowski បានលេខ២ក្នុងការប្រកួតប្រជែងពាន Ballon d’Or 2021 នេះ ដោយទទួលបាន៥៨០ពិន្ទុ នៅក្រោម Messi ដែលទទួលបាន៦១៣ពិន្ទុ ខណៈ Jorginho លេខ៣ ដោយទទួលបាន៤៦០ពិន្ទុ។
ឆ្នាំ២០២០ Lewandowski បានឈ្នះពាន UEFA Champions League ជាមួយ Bayern Munich និងរកបាន៥៥គ្រាប់សម្រាប់ក្លិបក្នុងរដូវកាល២០១៩-២០នោះ តែ France Football បានលុបចោលពាន Ballon d’Or 2020 ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងរដូវកាល២០២០-២១ Lewandowski រកបាន៤៨គ្រាប់សម្រាប់ Bayern ដោយក្នុងនោះ៤១គ្រាប់ក្នុង Bundesliga និងបានឈ្នះស្បែកជើងមាសទ្វីបអឺរ៉ុបថែមទៀតផង។ បើសរុបទាំងគ្រាប់សម្រាប់ជម្រើសជាតិប៉ូឡូញទៀត Lewandowski រកបាន៦៤គ្រាប់ក្នុងឆ្នាំ២០២១នេះ។ ហើយបើគិតក្នុងរដូវកាលថ្មី២០២១-២២នេះ ខ្សែប្រយុទ្ធឆ្នើមប៉ូឡូញវ័យ៣៣ឆ្នាំ រកបាន២៥គ្រាប់រួចហើយមកទល់ពេលនេះសម្រាប់ក្លិបយក្សអាល្លឺម៉ង់។
ក្នុងពាន Ballon d’Or 2021 នេះ ថ្វីបើ Lewandowski បានលេខ២ ហើយ Messi បានលេខ១ ប៉ុន្តែ Lewandowski បានឈ្នះពាន ខ្សែប្រយុទ្ធល្អបំផុត «Striker of the Year» ជំនួសវិញ។
ក្នុងការថ្លែងមតិរបស់ខ្លួនពេលទទួលបានពាន Ballon d’Or លើកទី៧ជាឯតទគ្គកម្ម កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Messi ដែលបច្ចុប្បន្នលេងឱ្យ PSG និយាយថា៖ «ខ្ញុំចង់ប្រាប់ Robert (Lewandowski)ថា វាជាកិត្តិយសមួយសម្រាប់ខ្ញុំក្នុងការប្រកួតប្រជែងជាមួយគាត់។ អ្នកសមនឹងទទួលបានពាន Ballon d’Or របស់អ្នក។ ឆ្នាំមុន គ្រប់គ្នាបានយល់ស្របថាអ្នកគឺជាម្ចាស់ពាន Ballon d’Or។ ខ្ញុំគិតថា France Football គួរផ្ដល់ពាន Ballon d’Or របស់អ្នកជូនដល់អ្នក ហើយអ្នកគួរតែទទួលបានពាននេះ ព្រោះអ្នកសមនឹងទទួលបាន។ ខ្ញុំសង្ឃឹមថា France Football អាចផ្ដល់ពាន Ballon d’Or 2020 ដល់អ្នក ដូច្នេះអ្នកអាចមានពានមួយនេះនៅក្នុងផ្ទះរបស់អ្នក ព្រោះអ្នកជាអ្នកស័ក្ដិសមឈ្នះតែម្នាក់គត់ក្នុងឆ្នាំ២០២០។ អ្នកត្រូវតែមានពាននេះនៅក្នុងផ្ទះ»។
ដោយឡែក សូមជម្រាបថា ក្នុងឆ្នាំ២០២១ Messi បានឈ្នះជើងឯកទ្វីបអាមេរិកខាងត្បូង Copa America ជាមួយអាហ្សង់ទីន ដែលជាពានអន្តរជាតិខ្នាតធំលើកដំបូងរបស់គេជាមួយក្រុមជម្រើសជាតិ។ កីឡាករវ័យ៣៤ឆ្នាំក៏បានឈ្នះពាន Copa del Rey ជាមួយ Barcelona និងបានឈ្នះស្បែកជើងមាស La Liga 2020-21 ទៀតផង។
Messi និយាយថាវាពិតជាអស្ចារ្យខ្លាំងណាស់ដែលគេបានឈ្នះពាន Ballon d’Or ម្ដងទៀត ហើយគេគិតថាអ្វីដែលអាហ្សង់ទីនបានធ្វើក្នុងពាន Copa America រួមចំណែកធំក្នុងការជួយឱ្យគេឈ្នះ Ballon d’Or 2021 នេះ។
Messi រំឭកថា ២ឆ្នាំមុន គេបាននិយាយថានោះជាឆ្នាំចុងក្រោយរបស់គេហើយ ហើយគេមិនដឹងថានឹងមានអ្វីកើតឡើងនៅខាងមុខទេ។ កាលណោះ មានគេចាប់ផ្ដើមសួរ Messi ថាតើនឹងចូលនិវត្តន៍នៅពេលណា តែឥឡូវនេះគេនៅប៉ារីស ហើយឈ្នះពាន Ballon d’Or ម្ដងទៀត។ Messi សង្កត់ធ្ងន់ថាគេបានមានអារម្មណ៍សោកសៅខ្លាំងចំពោះរឿងមួយ ប៉ុន្តែពេលនេះគេរំភើបចិត្តណាស់ហើយគេនឹងបន្តព្យាយាមក្នុងការប្រកួតប្រជែងថ្មីៗបន្តទៀត៕
ប្រភព&រូបថត៖ Marca