Kylian Mbappe បានសារភាពថាគេមិនបដិសេធក្នុងការបន្ដកិច្ចសន្យាថ្មីជាមួយក្លិប PSG នោះទេ ស្របពេលដែលខ្សែប្រយុទ្ធជនជាតិបារាំង មានការផ្សាភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្លិប Real Madrid។
មានដំណឹងលេចលឺជាហូរហែ ជុំវិញការផ្ទេរខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះពី ក្លិបនៅលីគកំពូលបារាំង ទៅកាន់ ក្លិបរាជធានីប្រទេសអេស្ប៉ាញ ហើយ PSG បានបដិសេធសំណើពីរលើករបស់ក្លិបអធិរាជស សម្រាប់ការផ្ទេរ Mbappe។
ស្របពេលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅដំណាច់រដូវកាលនេះ Mbappe មានភាគរយខ្ពស់ក្នុងការផ្លាស់ទៅចូលរួមនៅទឹកដី Santiago Bernabeu ប៉ុន្ដែពេលនេះគេបានបង្ហាញនូវអារម្មណ៍ខកចិត្ត ក្រោយព្យាយាមចាកចេញតែមិនបានសម្រេច ហើយគេគិតថា គេអាចបន្ដរួមរស់នៅទឹកដី Parc des Princes។
នៅពេលត្រូវបានសួរក្នុងសម្ភាសន៍របស់ Amazon Prime ជុំវិញអនាគតរបស់ខ្លួន ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះនិយាយថា៖ “ខ្ញុំមិនដឹងទេ។ ថ្ងៃនេះខ្ញុំត្រូវការពេលវេលា។ វាមិនងាយស្រួលឡើយ។ តាមមធ្យោបាយទាំងសងខាង ខ្ញុំនឹងនៅតែលេងសម្រាប់ក្លិបធំមួយ”។
“ដំបូងឡើយ ខ្ញុំខកចិត្តដែលមិនបានចាកចេញ។ ប៉ុន្ដែមែនហើយ ខ្ញុំមិនមែនលេងនៅលីគទី៣នោះទេ ខ្ញុំនៅក្លិបដែលចង់ឈ្នះ Champions League។ ខ្ញុំជា Parisian, ខ្ញុំមានគ្រួសាររបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំតែងតែនិយាយបែបនេះ។ ខ្ញុំគ្រាន់តែចង់រកឃើញអ្វីដែលថ្មីផ្សេងពីនេះ”៕