Skip to content
Varane ផ្ដល់​បច្ចុប្បន្នភាព​អំពីស្ថានភាព​របួស ខណៈ​​អវត្តមាន​ជាង​១​ខែ​មកហើយ
    ទំព័រដើម  »  កីឡាជាតិ

Varane ផ្ដល់​បច្ចុប្បន្នភាព​អំពីស្ថានភាព​របួស ខណៈ​​អវត្តមាន​ជាង​១​ខែ​មកហើយ

ខ្សែការពារ​កណ្ដាល Raphael Varane របស់ Manchester United បាន​ខកខាន​ការ​ប្រកួត​ជាង​១​ខែ​មក​ហើយ ពោល​គឺ​តាំងពី​​ពេល​ស្មើ​២-២​ជាមួយ Atalanta ក្នុង​ពាន UEFA Champions League ​កាល​ពីថ្ងៃ​ទី​២​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​មក​ម្ល៉េះ​។

កីឡាករ​បារាំង​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​រង​របួស​២​ដង​​ផ្សេង​គ្នា ដោយ​ដំបូង​របួស​ក្រលៀនអំឡុង​ពេល​នៅ​ជាមួយ​ក្រុម​ជម្រើស​ជាតិ និង​បន្ទាប់​មក​របួស​សរសៃពួរ​ភ្លៅ​អំឡុង​ការ​ប្រកួត​សម្រាប់ Man Utd ទល់ Atalanta ដើម​ខែ​វិច្ឆិកា ដែល​បាន​បង្ខំ​ឱ្យ​គេ​ប្ដូរ​ចេញ​ក្នុងនាទី​៣៨​។

តែ​ថ្មីៗ​នេះ Varane បាន​ត្រលប់​មក​ទីលាន​ហ្វឹកហាត់​វិញ​ហើយ​ដើម្បី​ស្ដារ​កាយសម្បទារ​ឡើង​វិញ។ ទន្ទឹម​នឹង​នេះ ​អតីត​សមាជិក Real Madrid ដែល​បាន​ចំណាយ​ពេល​១​ទសវត្សរ៍​នៅ La Liga សារភាព​ថា​​គេ​ត្រូវ​ការ​សម្រប​ខ្លួន​បន្ថែម​ទៀត​ក្នុងក្របខណ្ឌ Premier League ដែល​ប្រកួតប្រជែងខ្ពស់​​និង​ទាមទារកាយសម្បទា​ខ្លាំង​។

Varane និយាយ​ប្រាប់​វិបសាយ​ផ្លូវការ Man Utd ​​ថា​៖ «ខ្ញុំ​កំពុង​ធ្វើការ​យ៉ាង​ខ្លាំង​។ អ្នក​ដឹង​ទេ កីឡាករ​បាល់ទាត់​គឺ​ដូច​រថយន្ត F1 អីចឹង ដូច្នេះ​ជួន​កាលពួក​យើង​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​មួយ​និង​បង្កើន​កម្លាំង​ម៉ាស៊ីន​។ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​ចំណុច​​បន្តិចបន្តួច ព្រោះ​វា​ជា​ភាព​ខុស​គ្នា​ធំ​មួយ​ ជា​ការ​ផ្លាស់ប្ដូរ​ធំ​មួយ។ របៀប​ធ្វើការ​គឺ​ខុស​គ្នា ដូច្នេះ​ខ្ញុំ​ត្រូវ​សម្រប​ខ្លួន​។ ខ្ញុំ​ដឹង​រឿង​នេះហើយ​ខ្ញុំ​កំពុង​ធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​វិល​មក​ចំណុច​ល្អ​បំផុត​របស់​ខ្ញុំ​ឱ្យ​បានលឿន​តាម​​តែ​អាច​ធ្វើ​ទៅបាន​។ ខ្ញុំ​ដឹង​ថា​វា​ជា​ការ​ងារ​ធំ ប៉ុន្តែ​ខ្ញុំ​រួចរាល់​ដើម្បី​ធ្វើវា ដើម្បី​ព្យាយាម​​បង្កើន​សមត្ថភាព។ ខ្ញុំ​រំភើប​ណាស់​​ក្នុងការ​ត្រលប់​មក​​ជួយ​ក្រុម​​ជា​ថ្មី​»។

អតីត​អ្នកចាត់ការ​ស្ដីទី Michael Carrick បាន​ទម្លាយ​ថ្មី​ៗ​នេះ​ថាជើងឯក World Cup 2018 ​ប្រហែល​​អវត្តមាន​បន្ត​បន្តិច​ទៀត​។ ទោះបី​យ៉ាង​ណា មាន​ក្ដី​សង្ឃឹម​ថា​អ្នកចាត់ការស្ដី​ទី​ថ្មី Ralf Rangnick នឹង​អាច​មាន​ Varane ក្នុង​បញ្ជី​ប្រកួត​ឡើង​វិញ​នៅ​ចំណុច​ណា​មួយ​មុន​ដាច់​ឆ្នាំ​២០២១ ស្រប​ពេល​កាល​វិភាគ​ប្រកួត​ក្នុង​ខែ​ធ្នូនេះ​គឺ​មមាញឹក​៕

ប្រភព៖ manutd.com