ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ Manchester City: Kevin de Bruyne នឹងចាប់ផ្ដើមការប្រកួតទល់ RB Leipzig រាត្រីថ្ងៃអង្គារទី៧ខែធ្នូនេះ នៅពេល Man City លេងបង្ហើយការប្រកួតវគ្គចែកពូល UEFA Champions League ពូល A ម៉ោង០០៖៤៥យប់ម៉ោងកម្ពុជា។
De Bruyne បានត្រលប់មកទីលានប្រកួតវិញ ដោយបានប្ដូរចូលក្នុងជ័យជម្នះ៣-១នៅទឹកដី Watford ក្នុងក្របខណ្ឌ Premier League កាលថ្ងៃសៅរ៍ បន្ទាប់ពីអវត្តមាន៤ប្រកួតដោយសារឆ្លងកូវីដ១៩។
លោក Pep Guardiola អ្នកចាត់ការ Man City និយាយថា៖ «មនុស្សដែលបានឆ្លងកូវីដ១៩រួច បន្ទាប់មកមានអារម្មណ៍ថាអស់កម្លាំងរលីង។ បន្តិចម្ដងៗ គេនឹងទទួលបាននាទីលេង។ នៅរាត្រីនេះ គេនឹងលេងក្នុងជម្រើសដំបូង»។
ទោះបីបែបនេះក្ដី លោក Pep បានព្រមានថា De Bruyne ក៏ត្រូវព្យាយាមដើម្បីដណ្ដើមកៅអីលេងដូចកីឡាករគ្រប់គ្នាដទៃទៀតដែរ។
ខ្សែបម្រើឆ្នើមបែលហ្ស៊ិកវ័យ៣០ឆ្នាំខាងលើ បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលបោះឆ្នោតដោយកីឡាកររួមអាជីពដូចគ្នា Players’ Player of the Year ២រដូវកាលជាប់គ្នា។ តែរដូវកាលថ្មី២០២១-២២នេះ គេត្រូវបានរំខានដោយរបួសកជើងដែលទទួលរងអំឡុងព្រឹត្តិការណ៍ Euro 2020។
ដោយឡែក គួរជម្រាបផងដែរថា ដោយសារ Man City បានធានាកៅអីវគ្គ១៦ក្រុមរួចជាស្រេចទៅហើយនោះ យប់នេះ លោក Pep ត្រូវបានរំពឹងថានឹងសម្រាកកីឡាករសំខាន់ៗមួយចំនួនដើម្បីផ្ដល់ឱកាសលេងដល់កីឡាករក្មេងៗជាច្រើននាក់។ ជាក់ស្ដែង កីឡាករយុវជនដូចជា Cole Palmer, James McAtee, Romeo Lavia, Joshua Wilson-Esbrand និង Conrad Egan-Riley សុទ្ធតែបានធ្វើដំណើរមកអាល្លឺម៉ង់ជាមួយក្រុមមេឃខៀវ៕
ប្រភព៖ BBC