ការប្រកួត Champions League វគ្គចែកពូល បានឆ្លងផុតបីសប្ដាហ៍មកហើយ ដោយក្រុមខ្លាំងៗមួយចំនួនទទួលបានលទ្ធផលល្អ ខណៈក្រុមមួយចំនួនទៀត ទទួលបានលទ្ធផលដែលស្ថិតនៅក្នុងស្ថានភាពព្រួយបារម្ភ។ បើមើលទៅលទ្ធផលជាក់ស្ដែងនាពេលនេះ មានតែពីរក្រុមប៉ុណ្ណោះ ដែលឈរនៅកំពូលតារាង Champions League ផង និង នៅក្នុងក្របខណ្ឌកំពូលផងគឺ Bayern Munich និង Liverpool។
ក្រុមការពារជើងឯកពានអឺរ៉ុប Bayern Munich នៅតែធ្វើបានល្អ សម្រាប់ការតតាំងគូប្រកួតនៅលើទីលានក្នុងដូវកាលថ្មី ២០២០/២១ ដោយពួកគេទទួលបាន៩ពិន្ទុពេញ ក្នុងចំណោម៣ប្រកួតដំបូងនៅក្នុងវគ្គចែកពូល និងឈរនៅកំពូលតារាងនៃពូល A។
ក្រុមដែលដឹកនាំដោយលោក Hansi Flick បានយកឈ្នះលើក្រុមជើងខ្លាំងអេស្ប៉ាញ Atletico Madrid នៅក្នុងជំនួបបើកឆាកដោយលទ្ធផល ៤-0 មុនពេលយកបាន៣ពិន្ទុនៅក្នុងផ្ទះរបស់ Lokomotiv Moskow ហើយពួកគេបន្ដការឈ្នះ ដោយបំបាក់ក្រុមខ្លាំងអូទ្រីស Salzburg ៦-២។
បើងាកទៅមើលការប្រកួតនៅ Bundesliga វិញ ក្រុមជើងឯក២៩សម័យកាលក៏ទទួលបានលទ្ធផលគាប់ប្រសើរផងដែរ ដោយមាន១៥ពិន្ទុនៅក្នុងដៃ សម្រាប់៦ប្រកួតដំបូង និងឈរនៅកំពូលតារាង ដោយលើសគ្រាប់បាល់ចំណេញជាមួយក្រុម Borussia Dortmund ដែលមានពិន្ទុស្មើគ្នា។
សម្រាប់ក្រុមការពារជើងឯក Premier League ហង្សក្រហមវិញ ក៏ស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរផងដែរ បើទោះបីជាត្រូវអវត្តមានកីឡាករឆ្នើមនៅតំបន់ការពារក៏ដោយ។
មិនខុសពី Bayern ក្រុមរបស់លោក Jurgen Klopp ឈ្នះទាំង៣ប្រកួតនៅ វគ្គចែកពូល Champions League និង កាន់កាប់តំណែងក្រុមកំពូលតារាងនៅលីគកំពូលអង់គ្លេសផងដែរ។
ដោយឡែក Real Madrid ដែលជាក្រុមកំពូលតារាង La Liga និង Paris Saint-Germain ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១នៅ Ligue 1 កំពុងប្រឈមបញ្ហាលំបាកសម្រាប់ការប្រកួតពានអឺរ៉ុប ដោយពួកគេស្ថិតនៅលេខ៣ ក្នុងតារាង ហើយអាចប្រឈមនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូល ប្រសិនបើពួកគេធ្វើមិនបានល្អ សម្រាប់៣ប្រកួតដែលនៅសល់៕