អតីតខ្សែការពាររបស់ Real Madrid, Fabio Coentrao កំពុងប្រកបរបរជាអ្នកនេសាទ បន្ទាប់ពីចូលនិវត្តពីអាជីពជាកីឡាករបាល់ទាត់។
អតីតសមាជិកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់រូបនេះ ទើបតែមានវ័យ៣៣ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែគេបានសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្លួននៅក្លិប Rio Ave កាលពីចុងរដូវកាលមុន។
ជាមិត្តដ៏ល្អម្នាក់របស់ Cristiano Ronaldo អំឡុងពេលលេងរួមក្រុមជាមួយគ្នានៅ Real Madrid និងក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ ប៉ុន្ដែ Coentrao ហាក់មិនសមប្រកបក្នុងអាជីពជាកីឡាករបាល់ទាត់ នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈបច្ចុប្បន្ន Ronaldo ដែលមានវ័យ៣៦ឆ្នាំ កំពុងបន្ដអាជីពរបស់ខ្លួននៅក្នុងបាល់ទាត់អឺរ៉ុប ជាមួយក្លិបចាស់របស់គេគឺ Manchester United។
Coentrao បានបំពេញក្ដីស្រមៃរបស់ខ្លួន បន្ទាប់ពីបានទិញទូកនេសាទមួយ កាលនៅជាកីឡាករ ហើយបានប្រកបរបរនេសាទ មានកម្មករធ្វើការនៅទីនោះ១៥នាក់។
ក្នុងសម្ភាសន៍មួយរបស់ Empower Brands Channel អតីតខ្សែការពារស្លាបឆ្វេងរបស់ក្លិប Sporting Lisbon និង Real Madrid រូបនេះនិយាយថា៖ “ជីវិតនៅលើសមុទ្រគឺមិនមែនជារឿងអាម៉ាស ដូចមនុស្សជាច្រើនធ្លាប់គិតនោះទេ។ វាក៏ជាការងារមួយ ដូចការងារផ្សេងឯទៀតដែរ”។
“មិនត្រឹមតែប៉ុននោះ សមុទ្រគឺស្រស់ស្អាត ហើយយើងត្រូវការវា។ មានមនុស្សជាច្រើនរស់នៅទីនេះ ហើយមុខរបរនេះគួរតែត្រូវបានទទួលការគោរពដូចមុខរបរដទៃដែរ”។
និយាយពីការងារក្នុងក្ដីស្រមៃ Coentrao បានបន្ដថា៖ “អ្នកដែលស្រលាញ់សមុទ្រ ហើយអ្នកដែលចង់មានបទពិសោធន៍នៅសមុទ្រ ត្រូវតែដើរតាមក្ដីស្រមៃរបស់ខ្លួន។ វាក៏ជាការងារមួយដែរសម្រាប់អ្នកជំនាន់ក្រោយ។ ឪពុករបស់ខ្ញុំមានទូកមួយ គាត់ធ្លាប់នេសាទ ហើយខ្ញុំតែងទៅតាមគាត់កាលពីនៅក្មេង”។
“ជីវិតរបស់ខ្ញុំគឺនៅសមុទ្រ.. នៅសមុទ្រ និងនេសាទ។ ជាការពិត ខ្ញុំដឹងថាអាជីពបាល់ទាត់ នឹងបញ្ចប់នៅថ្ងៃណាមួយ ហើយខ្ញុំគួរតែមានគោលដៅថ្មីមួយសម្រាប់ជីវិតរបស់ខ្ញុំ។ ហើយសុភមង្គលរបស់ខ្ញុំគឺទូកមួយនេះ ហើយនេះជាជីវិតដែលខ្ញុំចង់រស់នៅ”។