អតីតកីឡាករគុនចម្រុះលំដាប់ពិភពលោក Conor McGregor បានប៉ាន់ប្រមាណថាលោកនឹងក្លាយជាមហាសេដ្ឋី មានទ្រព្យចាប់ពី១ពាន់លាននៅ៣ឆ្នាំខាងមុខ។ បុរសវ័យ៣២ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១០០លានផោន ដែលចំណូលទាំងនោះ បានមកពីការប្រកួត ព្រមទាំងការផ្សាយឱ្យម៉ាកផលិតផលល្បីៗជាច្រើនដូចជា Burger King, Beats by Dre, Monster Energy និង Reebok ជាដើម ប៉ុន្ដែចំណូលបានពីក្រុមហ៊ុន Proper 12 Irish Whiskey របស់លោក អាចទទួលបានប្រមាណ ៧៥០ផោនក្នុងមួយឆ្នាំ។
អតីតម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់ lightweight និង featherweight រូបនេះគឺជាកីឡាករដែលចំណូលបានច្រើនបំផុត នៅក្នុងប្រវត្តិសាស្ដ្រ UFC ហើយកាលប្រកួតប្រដាល់ជាមួយ Floyd Mayweather កាលពីឆ្នាំ ២០១៧ លោកទទួលបាន ៨០លានផោន។
នៅក្នុងកម្មវិធីសំណួរចម្លើយជាមួយអ្នកគាំទ្រដែលបានសួរនៅលើគណនី Twitter ថាតើ ពេលណាទើបលោករំពឹងថាអាចក្លាយជាមហាសេដ្ឋី អ្នកប្រដាល់សញ្ជាតិអៀរឡង់រូបនេះ បានឆ្លើយតបថា៖ «នៅអាយុ៣៥ឆ្នាំ»។
ប្រសិនបើដូចសម្ដីរបស់ McGregor មែនមានន័យថា លោកអាចនឹងក្លាយជាអត្តពលិកទី៦នៅក្នុងប្រវត្តិសាស្ដ្រ ដែលមានទ្រព្យ១ប៊ីលាន(១០០០លាន)។ ខ្សែប្រយុទ្ធ Lionel Messi ជាកីឡាករចុងក្រោយបង្អស់ដែលត្រូវបានរាប់បញ្ចូលក្នុងបញ្ជូលក្នុងបញ្ជីអត្តពលិក ដែលមានទ្រព្យចាប់ពី ១ប៊ីលានឡើងទៅ បន្ទាប់ពី Cristiano Ronaldo, Tiger Woods, Michael Jordan និង Floyd Mayweather។
ទោះយ៉ាងណាក្ដី McGregor អាចនឹងត្រូវបាននាំមុខដោយអតីតកីឡាករវាយតេនីស Roger Federer ដែលបច្ចុប្បន្នមានទ្រព្យប្រមាណ ៩០០លានដុល្លារ៕