ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកលើវិញ្ញាសា PUBG Mobile បានបញ្ចប់ហើយ បន្ទាប់ពីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅផ្សារទំនើប AEON II ក្រោមវត្តមានលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សហការជាមួយក្រុមហ៊ុនទូរសព្ទ Cellcard បានរៀបចំព្រឹត្តិការណ៍ប្រកួតស្តីពី«ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម
និងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ដែលមានក្រុមចុះឈ្មោះចូលរួមប្រកួតចំនួនខ១៦០ក្រុម។
គោលបំណងនៃការប្រកួតគឺជ្រើសរើសក្រុមលេខ១ ដល់លេខ៤ លើវិញ្ញាសា PUBG Mobile ដើម្បីសម្រឹតសម្រឹងចុងក្រោយសម្រាប់ក្លាយជាក្រុមជម្រើសជាតិកម្ពុជាទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ដូច្នេះមានន័យថា ជយលាភីទាំង៤នេះនៅមិនទាន់មានឈ្មោះជាក្រុមជម្រើសជាតិផ្លូវការនៅឡើយទេ ប៉ុន្តែនឹងមានការជ្រើសរើសសមាជិកដែលមានជំនាញរៀងៗខ្លួនដើម្បីបង្កើតជាក្រុមជម្រើសជាតិ។
សម្រាប់ក្រុមទទួលបានចំណាត់ថ្នាក់គឺលេខ១ Kill Enemy, លេខ២ Angkor PUBG, លេខ៣ Samurai EES និងលេខ៤ The Quarter។
ព្រមជាមួយគ្នានេះ សហព័ន្ធគ្រោងបង្កើតគណៈកម្មាបច្ចេកទេសដើម្បីជ្រើសរើស គ្រូបង្វឹក និងកីឡាករជម្រើសជាតិ ដែលជាផ្នែកនៃការអភិវឌ្ឍ បង្កើនសមត្ថភាព បំផុសបំផុល និងជំរុញកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីឲ្យរីកចម្រើនឈានឡើងលំដាប់អន្តរជាតិសម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បន្ថែមលើនេះទៀតនោះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងបញ្ជូនមន្រ្តី អាជ្ញាកណ្តាល (ITO) និងមន្ត្រីបច្ចេកទេស ទៅចូលរួមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំនេះនៅវៀតណាម៕
ក្រុមជយលាភី
• ជើងឯកទទួលបាន៣៥០០ដុល្លារ
• លេខ២ ទទួលបាន ២០០០ដុល្លារ
• លេខ៣ ទទួលបាន ១០០០ដុល្លារ
• លេខ៤ ទទួលបាន ៥០០ដុល្លារ
• លេខ៥ដល់១០ ទទួលបាន២០០ដុល្លារដូចគ្នា
• លេខ១១ដល់១៦ ទទួលបាន១០០ដុល្លារដូចគ្នា