Ganzberg One Strike បើកយុទ្ធនាការរកជើងខ្លាំងថ្មីម្ចាស់ខ្សែក្រវាត់ ១ម៉ឺនដុល្លារ

Sophana Pen
13 មើល
1 នាទីអាន
- Advertisement -

ដោយដំណើរការបានជោគជ័យ និងទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកគាំទ្រគុនខ្មែរ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់រដូវកាលទី១ កន្លងមក ក្រុមហ៊ុនស្រាបៀរ Ganzberg បានបន្តសហការជាពិសេស ជាមួយស្ថានីយទូរទស្សន៍ PNN ប្រកាសបើកយុទ្ធនាការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ រដូវកាលទី២ ដោយអមជាមួយប្រាក់រង្វាន់៤០លានរៀល ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ។

កាន់តែពិសេស ការប្រកាសបើកប្រជែង ខ្សែក្រវាត់រដូវកាលទី២ ក្នុងកម្មវីធីប្រដាល់ Ganzberg One Strike ដ៏កក្រើកនេះ បានប្រមូលផ្ដុំទៅដោយជើងខ្លាំងគុនខ្មែរលំដាប់កំពូលៗ លើប្រភេទទម្ងន់៦០គីឡូក្រាមចំនួន១៦រូប រួមមាន ជើងខ្លាំងក្លិប ប៉ែន កាក់គុនខ្មែរ ព្រឿង សុជាតិ, អ្នកស្នងគុនខ្មែរទឹកដីអង្គរ សេក ចៅជូន, ជម្រើសជាតិប្រដាល់សកល ទូច ដាវីន,ម្ចាស់ខ្សែក្រវាត់ប្រាក់ ឡុង ជិន, ម្ចាស់ខ្សែក្រវាត់មាស ទម្ងន់៥៤ គ.ក្រ របស់ភីអិនអិន រិន ដាវីត, អ្នកលេង ទម្ងន់ជើង រឿម វណ្ណៈ, មនុស្សយន្ត ឯម សុធី, និងអ្នកប្រយុទ្ធកែងស្រួច វៀត ប៊ុនឌឿន។

ចំណែកបេក្ខភាព៨រូបផ្សេងទៀត រួមមាន ខ្លាចាស់ ម៉ន សាម៉េត, ជើងខ្លាំងវស្សា សៀវ ង៉ុយ, អ្នកស្នងគុនខ្មែររលកថ្មី ធន់ ផានិត, អ្នកប្រដាល់ចិត្តសឿងក្លិបនាយដ្ឋានអង្គរក្ស អេលីត សាន់, អ្នកលេងទម្ងន់ដៃ លាភ រដ្ឋា, អ្នកប្រដាល់កំពុងឡើងកូដ ផាន់ សុផាត, អ្នកប្រយុទ្ធវ័យក្មេង ឆង ថងសិទ្ធ និងជើងខ្លាំងក្លិបគុជសារសគុនខ្មែរ នៅ ដារ៉ូ។   

បេក្ខភាពទាំង១៦រូប ត្រូវចូលរួមតតាំងគ្នា ប្រជែងរកម្ចាស់ជើងឯក ឆ្ពោះទៅគ្រងខ្សែក្រវាត់ និងប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់១ម៉ឺនដុល្លារអាមេរិក ។ សម្រាប់រូបមន្តការប្រកួត បេក្ខភាពទាំង១៦រូប ត្រូវបានចាប់ឆ្នោតរួចរាល់ ដោយចែកចេញជា៨គូ ដើម្បីប្រឈមគ្នា នាវគ្គជម្រុះចាញ់ធ្លាក់រៀងៗខ្លួន  ដោយអ្នកឈ្នះទើបមានឱកាសឡើងទៅវគ្គបន្ត។ 

សូមបញ្ជាក់ថា កម្មវិធីប្រដាល់ Ganzberg One Strike ដណ្ដើមខ្សែក្រវាត់រដូវកាលទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២។ ដោយផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១រសៀលតទៅ លើកញ្ចក់ទូរស្សន៍ PNN ផេក PNN Sports និងផេក Ganzberg៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។