ការប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើឱ្យពិភពលោកតក់ស្លុត ក្នុងនោះរួមទាំងពិភពបាល់ទាត់ផងដែរ ពិសេស សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ហើយពេលនេះវិធានការខ្លះៗកំពុងត្រូវបានពិចារណាដើម្បីដាក់ចេញទៅលើក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី។
FIFA ដែលមានលោក Gianni Infantino ជាប្រធាន និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដែលមានលោក Aleksander Ceferin ជាប្រធាន បានទាក់ទងគ្នាជាប្រចាំ បន្ទាប់ពីមានអនុសាសន៍ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
តាមសេចក្ដីរាយការណ៍របស់ Marca ពេលនេះ FIFA បានសម្រេចចិត្តដាក់វិធានការលើក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីដោយមិនឱ្យប្រើឈ្មោះរស្ស៊ី និងទង់ជាតិ ឬភ្លេងជាតិរុស្ស៊ីទេ។ ពោលគឺ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ដែលត្រូវបានហៅជាទូទៅថា «រុស្ស៊ី» នោះ នឹងត្រូវប្ដូរឈ្មោះទៅជា «សហភាពបាល់ទាត់រុស្ស៊ី»វិញ ហើយក្រុមនេះនឹងមិនអាចប្រើទង់ជាតិឬភ្លេងជាតិរបស់ប្រទេសរុស្ស៊ីបានទេ។
លើសពីនេះ ប្រសិនស្ថានភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន នៅតែបន្ត រុស្ស៊ី អាចត្រូវបានដកចេញពី FIFA World Cup Qatar 2022 ថែមទៀតផង។
សូមជម្រាបថា តាមកាលវិភាគ រុស្ស៊ី ត្រូវប្រកួត play-off World Cup 2022 ទល់នឹង ប៉ូឡូញ នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ ហើយអ្នកឈ្នះត្រូវឡើងទៅប៉ះអ្នកឈ្នះរវាង ស៊ុយអែត និង ឆេក ដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រនៅកាតារ។ ប៉ុន្តែ ប៉ូឡូញ បានប្រកាសធ្វើពហិកា មិនប្រកួតទល់ រុស្ស៊ី ទេ។ ស៊ុយអែត ឆេក និង អង់គ្លេស ក៏ប្រកាសថានឹងមិនប្រកួតទល់ រុស្ស៊ី ដែរ បើក្នុងករណី រុស្ស៊ី ឡើងមកជួបពួកគេ។ រីឯ បារាំង និង ឆេក វិញ ថែមទាំងអំពាវនាវឱ្យដករុស្សីពីការប្រកួត World Cup 2022 ថែមទៀតផង។
FIFA បានចេញសេចក្ដីថ្លែងការណ៍ថាបានដឹងឮជំហររបស់សហព័ន្ធកីឡាបាល់ទាត់ ប៉ូឡូញ ឆេក និង ស៊ុយអែត ហើយ និងបានបើកការសន្ទនាជាមួយសហព័ន្ធទាំង៣។
គួរជម្រាបផងដែរថា កន្លងមកមិនធ្លាប់មានឡើយការចាត់វិធានការដោយ FIFA ដោយមិនឱ្យក្រុមបាល់ទាត់ជម្រើសជាតិមួយប្រើឈ្មោះប្រទេស ទង់ជាតិ ឬភ្លេងជាតិ របស់ខ្លួន ទោះបីក្នុងអតីតកាលធ្លាប់មានជម្លោះនយោបាយរបៀបនេះក្ដី។
ថ្មីៗនេះ ប្រធានក្រុមប៉ូឡូញ Robert Lewandowski បានបង្ហោះសារថា កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្ររុស្ស៊ី មិនមែនជាអ្នកត្រូវទទួលខុសត្រូវចំពោះសកម្មភាពរដ្ឋាភិបាលរបស់ពួកគេទេ ប៉ុន្តែខ្សែប្រយុទ្ធ Bayern Munich ដដែលសង្កត់ធ្ងន់ថាប៉ូឡូញមិនអាចធ្វើដូចគ្មានរឿងអ្វីកើតឡើងបានឡើយ៕