Zlatan Ibrahimovic បានទម្លាយឱ្យដឹងនូវមហិច្ឆិតារបស់ខ្លួនជាមួយក្លិប AC Milan ថាគេមិនទាន់មានបំណងចូលនិវត្តនៅឡើយទេ ដរាបណាមិនទាន់បានជួយក្រុមមួយនេះ ឈ្នះពានរង្វាន់។
AC Milan ត្រូវបានទទួលស្គាល់ថា ជាក្លិបដ៏ធំបំផុតមួយក្នុងលោក ដែលមានប្រវត្តិសាស្ដ្រឈ្នះពានរង្វាន់ធំៗជាច្រើន ប៉ុន្ដែក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ពួកគេហាក់ពិបាកប្រជែងពាននានា ទាំងនៅអ៊ីតាលី និងពានរង្វាន់អឺរ៉ុប។
បច្ចុប្បន្ន Milan នៅសល់ពានពីរដែលត្រូវប្រជែងក្នុងរដូវកាលនេះ ដោយពួកគេកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាង Serie A មានពិន្ទុស្មើក្រុមកំពូលតារាង Napoli ហើយនឹងត្រូវប្រកួតទល់នឹង Inter Milan ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Coppa Italia។
ប៉ុន្ដែគួរឱ្យស្ដាយក្នុងការប្រកួតពានអឺរ៉ុប ពួកគេបានធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គចែកពូល ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃពូល B។
ទោះយ៉ាងណាក្ដី ខ្សែប្រយុទ្ធចាស់វស្សាសម្បូរបទពិសោធ Ibrahimovic បានធ្វើការប្ដេជ្ញាចិត្តក្នុងការជួយក្រុមបច្ចុប្បន្នរបស់ខ្លួន ឱ្យទទួលបានជោគជ័យ មុនសម្រេចចិត្តចូលនិវត្តដ្បិតពេលនេះ គេមានវ័យ៤០ឆ្នាំទៅហើយក្ដី។
ខ្សែប្រយុទ្ធជនជាតិស៊ុយអែតរូបនេះនិយាយថា៖ “អនាគតរបស់ខ្ញុំគឺបាល់ទាត់ ពិភពលោករបស់ខ្ញុំគឺបាល់ទាត់។ ខ្ញុំខកចិត្តដែលខ្ញុំមិនអាចលេងបាននៅពេលនេះ នេះពិតជាធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់ ជាពិសេសនៅពេលដែល ក្រុមកំពុងធ្វើបានល្អ។ ខ្ញុំចង់នៅទីនោះ ហើយជួយក្រុម យើងធ្វើបានរឿងល្អជាច្រើន ចាប់តាំងពីខ្ញុំមកដល់ ហើយពេលនេះ យើងនៅខ្វះតែរបស់មួយប៉ុណ្ណោះ គឺពានរង្វាន់”។
“យើងកំពុងព្យាយាមក្នុងការឈ្នះពាន ខ្ញុំមិនទាន់បញ្ឈប់នោះទេ រហូតដល់ខ្ញុំឈ្នះពានខ្លះនៅ Milan សិន”។
សូមរំឭកថា Milan ខានឈ្នះលីគកំពូលអ៊ីតាលីជាងមួយទសវត្សរ៍មកហើយ ពោលគឺលើកចុងក្រោយដែលពួកគេបានកាន់ពាន Serie A នៅក្នុងរដូវកាល ២០១០-១១ ហើយពានរង្វាន់ចុងក្រោយបង្អស់ដែលក្លិបអ៊ីតាលីមួយនេះឈ្នះគឺ Italian Super Cup ក្នុងឆ្នាំ២០១៦៕