ក្លិបអេស្ប៉ាញ Getafe មានការភ្ជាប់ជាមួយអតីតខ្សែប្រយុទ្ធរបស់ Manchester United, Odion Ighalo នៅក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ។
យោងតាមប្រភពពី Sky Sports បានរាយការណ៍ថា លោក អ្នកចាត់ការ Quique Sanchez Flores របស់ Getafe មានគម្រោងក្នុងការពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ ខណៈ Ighalo អាចជាជម្រើស ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធក្រុមរបស់លោក។
អ្នកទាំងពីរធ្លាប់ធ្វើការជាងមួយគ្នាពីរលើករួចមកហើយ នៅក្លិបអង់គ្លេស Watford និងក្លិបចិន Shanghai Shenhua ស្របពេលដែលកីឡាករជម្រើសជាតិនីហ្សេរីយ៉ា បានសាងភាពលេចធ្លោ អំឡុងការប្រកបអាជីពនៅទឹកដី Vicarage Road។
បន្ទាប់ពីចាកចេញពីក្លិបបិសាចក្រហមក្នុងឆ្នាំ២០១៩ Ighalo បានចូលរួមក្លិបយក្សអារ៉ាប៊ីសាអ៊ូឌីត Al-Shabab ក្នុងឆ្នាំ២០២១ មុនពេលប្ដូរទៅលេងឱ្យ ក្រុមការពារជើងឯក AFC Champions League, Al Hilal ក្នុងខែមករា ឆ្នាំ២០២២នេះ។
ហើយសម្រាប់ការចូលរួមជាមួយក្លិបថ្មី Ighalo រកបានគ្រាប់បាល់៨គ្រាប់ហើយ ក្រោយស៊ីញ៉េកុងត្រាជាមួយក្លិបនេះ រហូតដល់ចប់រដូវកាល ២០២២-២៣ ជាមួយជម្រើសបន្លាយ១២ខែទៀត។
ប៉ុន្ដែក្លិប Getafe អាចនឹងនាំយករូបគេមកលេងបាល់ទាត់នៅអឺរ៉ុបជាថ្មី នៅប៉ុន្មានខែមុខនេះ ដោយត្រូវប្រជែងជាមួយក្លិប Ligue1 , AS Monaco ដែលចង់បាន Ighalo មកពង្រឹងក្រុមផងដែរ។
បច្ចុប្បន្ន Getafe កំពុងឈរនៅលេខរៀងទី១៥ ក្នុងតារាងលីគកំពូលអេស្ប៉ាញ មានគម្លាត៥ពិន្ទុពីតំបន់ត្រូវកាត់ចេញពីលីគ ខណៈនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ មុនរដូវកាល២០២១-២២ បិទបញ្ចប់៕