អតីតតារាជើងស៊ុតរបស់ក្រុមកាំភ្លើងធំ Arsenal លោក THIERRY HENRY ត្រូវបានបោះឆ្នោតជាប់ជាកីឡាករល្អជាងគេក្នុងប្រវត្តិសាស្ត្រ Premier League។ នេះបើយោងតាម Football Fans។
វីរៈបុរស Arsenal ខាងលើទទួលបានសំឡេងឆ្នោតលើស ១៥ភាគរយ ហើយបានយកឈ្នះទៅលើ Criatiano Ronaldo និង Alan Shearer តាមការស្ទង់មតិអ្នកគាំទ្រជាង ១០០០នាក់ ក្នុងវេបសាយ Betfair សហការជាមួយ YouGOV ក្នុងខួប៣០ឆ្នាំនៃការបង្កើតក្របខណ្ឌ Premier League។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកាំភ្លើងធំ រូបនេះ រកបាន ១៧៥គ្រាប់ យ៉ាងអស្ចារ្យក្នុង Premier League ដោយក្នុងនោះ ១៧៤ គ្រាប់រកបាន ចន្លោះពីឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០០៧ មុនពេលចាកចេញទៅ Barcelona។ ក្នុងរដូវកាល ២០១១ -២០១២ លោកបានវិលមកក្នុងក្រុមលោក Arsene Wenger ជាថ្មីក្រោមកិច្ចសន្យាខ្ចី ហើយបានបង្ហាញខ្លូនសារជាថ្មីសម្រាប់ Arsenal និងស៊ុតបាល់បញ្ចូលទីបាន១គ្រាប់។
លោកថែមទាំងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៧៤ដង ក្នុងការបង្ហាញខ្លួនសរុប២៥៨ប្រកួតក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស។
អតីតកីឡាករជម្រើសជាតិបារាំង ធ្លាប់ទទួលបានស្បែកជើងមាស ៤ ដង និងពានកីឡាករល្អប្រចាំខែ ៤ដង ក្នុងក្របខណ្ឌ Premier League។ លើសពីនេះរូបគេក៏បានជាប់ជាកីឡាករល្អប្រចាំរដូវកាល២ឆ្នាំជាប់ៗគ្នាផងដែរក្នុងក្របក្របខណ្ឌ Premier League។
គួររំលឹកផងដែរថា លោក Henry បានឈ្នះជើងឯក Premier League ២ ដង ជាមួយក្រុមកាំភ្លើងធំ Arsenal ពិសេសរដូវកាល ២០០៣-២០០៤ ដែលជារជ្ជកាលមាសរបស់ពួកគេ។
គួរជម្រាបផងដែរថា ក្នុងការបោះឆ្នោតខាងលើនោះ ម្ចាស់ពាន Ballon d’Or ៥សម័យកាល Ronaldo ស្ថិតក្នុងលំដាប់ទី២ និងតាមពីក្រោយម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេប្រចាំក្របខណ្ឌ Premier League គឺលោក Alan Shearer ស្ថិតក្នុងលំដាប់ទី៣៕