Skip to content
ចចាមរាមនៃការដោះដូរកីឡាករ ប្រចាំថ្ងៃអង្គារ ទី២៣ ខែមិនា ឆ្នាំ២០២១
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ចចាមរាមនៃការដោះដូរកីឡាករ ប្រចាំថ្ងៃអង្គារ ទី២៣ ខែមិនា ឆ្នាំ២០២១

ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Danny Ings របស់ Southampton ទំនងអាចជាគោលដៅសម្រាប់ Manchester City ក្នុងការជំនួសខ្សែប្រយុទ្ធ Sergio Aguero។ បើតាម Sky Sports បានឱ្យដឹងថា អនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Sergio Aguero កំពុងតែមានភាពស្រពិចស្រពិល ខណៈកុងត្រារបស់គេនឹងត្រូវផុតនៅរដូវក្ដៅខាងមុខនេះ តែមិនទាន់មានការបន្តកុងត្រាថ្មីនៅឡើយ។ Erling Haaland របស់ Borussia Dortmund ក៏ជាគោលដៅចំបងរបស់ក្រុមមេឃខៀវដែរ ប៉ុន្តែការនាំយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ អាចនឹងបរាជ័យដោយសារតែតម្លៃខ្លួនរបស់គេឡើងដល់ជាង​ ១៣៨លានដុល្លារ (១០០លានផោន) ព្រមទាំងមានការប្រជែងពី ក្រុម Real Madrid, Manchester United និង Chelsea ជាដើមទើបធ្វើឱ្យ Manchester City ប្ដូរគោលដៅមកកាន់ Danny Ings វិញ។

Donny van de Beek

90min.com បានឱ្យដឹងថា បិសាចក្រហម Manchester United នៅតែបន្តចង់បានកីឡាករ Borussia Dortmund ដូចជា ខ្សែប្រយុទ្ធ Erling Haaland, Jadon Sancho និងខ្សែការពារកណ្ដាល Manuel Akanji។​ តែដើម្បីកាត់បន្ថយក្នុងការចំណាយរបស់ខ្លួនទើប Manchester United ពិចារណាក្នុងការដាក់ខ្សែបម្រើ Donny van de Beek ជាថ្នូរនៃការដោះដូរជាមួយ Dortmund។ គួរបញ្ជាក់ថា Manchester United បាននាំយកកីឡាករ Van de Beek ក្នុងតម្លៃ​ ៥៥លានដុល្លារ​ (៤០លានផោន) នៅដើមរដូវកាល ២០២០-២០២១ នេះតែគេមិនសូវមានឱកាសក្នុងការបង្ហាញខ្លូនប៉ុន្មានទេ ដោយសារតែគេមិនអាចប្រជែងតំណែងជម្រើសដំបូងជាមួយ Bruno Fernandes បាន។

Patson Daka

ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Salzburg គឺកីឡាករ Patson Daka ក្លាយជាទីចាប់អារម្មណ៍របស់ក្រុមខ្លាំងនៅអង់គ្លេសដូចជា Manchester City, Manchester United, Liverpool និង Arsenal នេះបើតាមការចុះផ្សាយរបស់ Dailymail។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ រូបនេះកំពុងតែបង្ហាញខ្លួនបានយ៉ាងល្អឱ្យក្រុមកំពូលតារាងនៃលីគកំពូលអូទ្រីស ដោយរកបាន ២៧គ្រាប់ក្នុងចំណោម៣១ប្រកួតក្នុងគ្រប់កម្មវិធីទាំងអស់ និងកំពុងកាន់កាប់តំណែងជាអ្នករកគ្រាប់បានច្រើនជាងគេនៅ Bundesliga (លីគកំពូលអូទ្រីស) ដោយមាន២០គ្រាប់ក្នុងដៃស្រាប់។​ បច្ចុប្បន្នកីឡាករវ័យក្មេងរូបនេះមានតម្លៃ ២៣លានដុល្លារ (១៧លានផោន)  កំពុងទាក់ចិត្តក្រុមធំៗនៅអង់គ្លេសជាខ្លាំង។

Divock Origi

សារព័ត៌មាន Calciomercato.com របស់អ៊ីតាលីបានរាយការណ៍ថា Inter Milan ទំនងជាអាចសម្រេចការនាំយក Divock Origi មកធ្វើជាខ្សែប្រយុទ្ធទី៤របស់ខ្លួន ដើម្បីក្លាយជាដៃគូប្រយុទ្ធជាមួយ Lukaku, Lautaro និង Sanchez នៅរដូវការថ្មីខាងមុខនេះ។ Origi នឹងចាកចេញពី Anfield នៅចុងបញ្ចប់រដូលកាលខាងមុខ ទោះបីជាកុងត្រារបស់គេជាមួយ Liverpool មានសុពលភាពរហូតដល់ឆ្នាំ២០២៤ក៏ដោយ។ គេបានជួយ Liverpool ឱ្យឈ្នះពាន UEFA Champions League​ ឆ្នាំ២០១៩ និង English Premier League ឆ្នាំ២០២០​ ប៉ុន្តែមួយរយៈចុងក្រោយនេះគេបានបាត់បង់ទំនុកចិត្តនិងភាពជឿជាក់ពីលោក Kloop ដោយរដូវកាលនេះគេបង្ហាញខ្លួននៅលើទីលាន បានតែ ៥៣៦នាទីប៉ុននោះ។