មានការរំពឹងទុកជាច្រើន ក្នុងការនាំយកលោក Mauricio Pochettino មកកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ក្លិប Manchester United ជំនួសលោក Ole Gunnar Solskjaer ដែលទើបត្រូវបានបណ្ដេញចេញពីតំណែង។
អ្នកចាត់ការ ដែលបច្ចុប្បន្នកំពុងដឹកនាំនៅ Paris Saint-Germain ត្រូវបានរាយការណ៍ថា ចង់មកកាន់តួនាទីនៅក្លិបបិសាចក្រហម ប៉ុន្ដែចុងក្រោយ Man Utd បែរជាតែងតាំងលោក Ralf Rangnick ទៅវិញ។
ហើយពេលនេះ សារព័ត៌មាន Telefoot បានពន្យល់ពីមូលហេតុដែលលោក Pochettino មិនអាចមកដឹកនាំនៅ Old Trafford។ ប្រភពខាងលើនេះបានពន្យល់ថា លុយជាបញ្ហាដ៏សំខាន់មួយសម្រាប់ការផ្ទេរនេះ។ ក្លិបយក្សនៃក្របខណ្ឌកំពូលបារាំង PSG រីករាយនឹងចរចាជាមួយ Man Utd បើក្លិបអង់គ្លេសហ៊ានផ្ដល់សំណើចន្លោះពី ១៥ទៅ២០លានអឺរ៉ូ ដើម្បីផ្ដាច់កុងត្រាលោក Pochettino។
PSG ក៏មិនចង់បាត់បង់លោក Pochettino ដែរ ព្រោះពួកគេមិនអាចធានាថា នឹងអាចរកគ្រូបង្វឹកដែលមានសមត្ថភាពធ្វើការជាមួយ កំពូលកីឡាករដូចជា Lionel Messi, Kylian Mbappe, Neymar និង Sergio Ramos ជាដើម៕