កីឡាករ Harry Maguire របស់ Manchester United នឹងខកខានការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះនៅពេលដែលក្រុមរបស់គេត្រូវជួបគូរប្រជែង Manchester City បន្ទាប់ពីមានបញ្ហារបួសអំឡុងពេលប្រកួតស្មើគ្នា 3-3 រវាងអង់គ្លេសនិងអាល្លឺម៉ងកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
កីឡាករវ័យ២៩ឆ្នាំរូបនេះបានបន្តលេងទាំងឈឺរហូតពេញ៩០នាទីកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះដែលត្រូវបានគេរំពឹងថាកីឡាកររូបនេះនឹងត្រូវស្ថិតនៅក្រៅទីលានប្រហែលជា២សប្ដាហ៍។Maguire បានស្ថិតនៅកៅអីបម្រុងរបស់ Man Utd អស់រយៈពេល១ខែមកហើយប៉ុន្តែនៅតែត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់ Gareth Southgate ទោះបីជាបង្ហាញទម្រង់លេងមិនបានល្អកាលពីពេលថ្មីៗនេះក៏ដោយ។
អតីតខ្សែការពារ Leicester រូបនេះបានបង្កើតកំហុសឲ្យមានគ្រាប់បាល់ប៉េណាល់ទីនៅពេលប្រកួតជាមួយអាល្លឺម៉ងខណៈដែលការប្រកួតបញ្ចប់ទៅដោយស្មើគ្នា 3-3។ អ្វីដែលកាន់តែអាក្រក់ថែមទៀតនោះរូបគេបានទទួលរងរបួសសាច់ដុំផងដែរបើទោះបីជាការសម្រេចចិត្តលេងទាំងឈឺរបស់គេមានការលើកសរសើរពីប្រធានក្រុមអង់គ្លេស Harry Kane ក៏ដោយ។
កីឡាករ Harry Kane បាននិយាយបន្ទាប់ពីចប់ការប្រកួតថា៖ “Maguire បានមានបញ្ហារបួសនៅវគ្គទី២ប៉ុន្តែរូបគេនៅតែព្យាយាមលេងដោយជើងម្ខាងប្រហែលជា៥ឬ១០នាទីរូបគេជាកីឡាករដ៏អស្ចារ្យខ្ញុំពិតជាមានមោទនភាពចំពោះគេ”។
របួសរបស់ Maguire ប្រហែលជាមិនជះឥទ្ធិពលខ្លាំងឡើយដល់គ្រូបង្វឹក Man United លោក Erik ten Hag ទេដោយសារតែពេលនេះរូបលោកតែងតែប្រើកីឡាករ Lisandro Martinez និង Raphael Varane ជាខ្សែការពារកណ្តាលចាត់តាំងតែពីប្រកួតទីបីនៅក្នុងក្របខណ្ឌ Premier League 2022-2023។
ខ្សែការពាររបស់បិសាចក្រហមរូបនេះនៅសល់ពេលប្រមាណ១ខែជាងទៀតប៉ុណ្ណោះដើម្បីបង្ហាញថារូបគេអាចទាក់ទាញចិត្តលោក Southgate ឲ្យទទួលបានកៅអីធ្វើដំណើរជាមួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសទៅប្រទេសកាតាប៉ុន្តែពេលនេះរូបគេត្រូវចំណាយពេលជាងពាក់កណ្តាលរបស់គេដើម្បីព្យាបាលរបួស។គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនៅតែគាំទ្រដល់ខ្សែការពាររូបនេះបន្ទាប់ពីការប្រកួតក្នុងសប្ដាហ៍នេះដោយទទួចថាការជម្រើសយក Maguire គឺជារឿងត្រឹមត្រូវ។
សូមជម្រាបផងដែរថាក្រុម Manchester United នឹងត្រូវធ្វើដំណើរទៅលេងនៅទឹកដី Etihad Stadium របស់ក្រុមមេខខៀវ Manchester City នាវេលេម៉ោង៨យប់ ត្រូវនឹងថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។