កីឡាករបាល់ទាត់ដែលមានកេរមរតករាប់ពាន់លានដុល្លារ Faiq Bolkiah ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Maritimo ប៉ុន្ដែមិនមានការបញ្ជាក់មូលហេតុដែលការចែកផ្លូវគ្នាឡើយ។ Faiq ទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីគេបានចូលរួមក្រុមថ្នាលរបស់ Southampton ហើយបានផ្លាស់ទៅចូលរួម Arsenal និង Chelsea មុនពេលចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយ Leicester City។
កីឡាករដែលត្រូវជាក្មួយប្រុសបង្កើតរបស់ព្រះចៅស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah ត្រូវបានរាយការណ៍ថា មានកេរ្ដិ៍មរតកសរុប ១៣ពាន់លានផោន។ កីឡាកររូបនេះបានផ្លាស់ទៅចូលរួមក្លិបព័រទុយហ្កាល់ Maritimo បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Leicester City ដោយមិនបានបង្ហាញខ្លួនសូម្បីមួយប្រកួតសម្រាប់ក្លិបអង់គ្លេសមួយនេះ។
ប៉ុន្ដែពេលនេះ ក្លិប Maritimo បានប្រកាសថា កិច្ចសន្យារវាងក្លិបជាមួយនឹងខ្សែរាជវង្សប្រ៊ុយណេ ត្រូវបានបញ្ចប់ដោយភាគីទាំងសងខាង។
ក្លិបនេះបច្ចុប្បន្ន ឈរនៅចំណាត់ថ្នាក់លេខ១៥ក្នុងតារាង Primera Liga ចេញសេចក្ដីប្រកាសថា៖ “យើងបានឈានដល់ការព្រមព្រៀង ជាមួយកីឡាករ Faiq Bolkiah ក្នុងការរំសាយកិច្ចសន្យារបស់គាត់។ យើងសូមថ្លែងអំណរគុណដល់កីឡាករ សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់ សម្រាប់ក្លិប ហើយសូមជូនពរឱ្យគាត់មានសុភមង្គលទាំង អាជីព និងជីវិតផ្ទាល់ខ្លួន”។
ទោះយ៉ាងណាក្ដី ក្លិបពុំបានផ្ដល់នូវមូលហេតុនៃការសម្រេចចិត្តរំសាយកិច្ចសន្យានោះទេ ដោយកីឡាករវ័យ២៣ឆ្នាំ មិនមានឱកាសបង្ហាញខ្លួនក្នុងក្រុមធំ ហើយលេងបានតែ២លើកប៉ុណ្ណោះ សម្រាប់ក្រុម B។
មកទល់នឹងពេលនេះ ពុំទាន់មានការបញ្ជាក់ ថា Faiq នឹងបន្ដអាជីពជាកីឡាករបាល់ទាត់ទៅមុខទៀត ឬសម្រេចចិត្តព្យួរស្បែកជើងទាំងវ័យក្មេងឬយ៉ាងណានៅឡើយទេ។
កីឡាករក្រុមជម្រើសជាតិប្រ៊ុយណេរូបនេះ ត្រូវបានចាត់ទុកថាជា កីឡាករបាល់ទាត់ដែលមានទ្រព្យច្រើនបំផុតនៅលើលោក ដោយឪពុករបស់គេគឺ ព្រះអង្គម្ចាស់ Jefri ជាអនុជបង្កើតរបស់ ព្រះចៅស៊ុលតង់ Hassanal Bolkiah ក្នុងគ្រួសាររាជវង្សរបស់ប្រទេសប្រ៊ុយណេ។
ព្រះអង្គម្ចាស់ Jefri ត្រូវបានរាយការណ៍ថា ជាម្ចាស់កម្មសិទ្ធិរថយន្ដជាង២ពាន់គ្រឿង ដែលមានយីហោល្បីៗដូចជា Bentley, Ferrari និង Rolls-Royce ជាដើម។ ហើយនៅក្នុងពិធីខួបកំណើតអាយុ៧ឆ្នាំរបស់ Faiq ទ្រង់បានអញ្ជើញអតីតតារាចម្រៀងប៉ប Michael Jackson ទៅចូលរួមពិធី concert ឯកជនមួយ ហើយចំណាយ ១២.៥លានផោនសម្រាប់ អតីតតារាចម្រៀងដែលបានលាចាកលោក កាលពីឆ្នាំ២០០៩ រូបនេះ៕