ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ (14TH IESF World Esport Championship) ឆ្នាំ២០២២រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី១ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។
ការប្រកួតជើងឯកពិភពលោកនេះមាន៦វិញ្ញាសា eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile ដែលមានអត្តពលិកអេឡិចត្រូនិកមកពីទូទាំងពិភពលោកជាង៧០០នាក់ចូលរួមប្រកួត និងមានប្រទេសជាសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិសរុប១០៧ប្រទេសចូលរួមដែលក្នុងនោះមានទាំងមហាសន្និបាតកីឡាអេឡិចត្រូនិកពិភពលោកប្រចាំឆ្នាំ។
មហាសន្និបាត Esports ប្រចាំឆ្នាំរបស់ IeSF ត្រូវបានធ្វើនៅថ្ងៃទី ៥-៦ ខែធ្នូ ដែលបានជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិបន្ថែម៥រូបទៀត និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដោយប្រធានចាស់ជាប់ឆ្នោតជាប្រធានអាណត្តិថ្មីគឺលោក Vlad Marinescu ជនជាតិអាមេរិក។ ចំណែកសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី៥រូបគឺលោក Flip de Bruyn មកពីប្រទេសណាមីប៊ី, លោក Lance Mudd មកពីសហរដ្ឋអាមេរិក, លោក Lukasz Klimcyzk មកពីប៉ូឡូញ, លោក Tiago Fernandes មកពីព័រទុយហ្គាល់ និងលោក Constantine Surkont មកពីរុស្ស៊ី។
សម្រាប់ក្រុមជម្រើសជាតិនីមួយៗមកពីទូទាំងពិភពលោកត្រូវបានឆ្លងកាត់ការប្រកួតជម្រុះនៅតាមតំបន់ និងទ្វីបរៀងៗខ្លួនទើបទទួលបានកៅអីទៅចូលរួមប្រកួតជើងឯកពិភពលោក ជុំផ្តាច់ព្រ័ត្រ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
សម្រាប់កម្ពុជាបានបញ្ជូនក្រុម Impunity KH លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang មួយប៉ុណ្ណោះ និងឈ្នះមេដាយសំរឹទ្ធផ្លូវការជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កីឡាអេឡិចត្រូនិកកម្ពុជាក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ស្របពេលដែលវិញ្ញាសា Mobile Legends: Bang Bang កំពុងរីកចម្រើននៅកម្ពុជា។ ក្រុម Impunity KH របស់កម្ពុជាឆ្លងកាត់៤ប្រកួតគឺឈ្នះ២ប្រកួត និងចាញ់២ប្រកួត។ ប្រកួតទី១ ក្រុមកម្ពុជាឈ្នះក្រុមជម្រើសជាតិណាមីប៊ី ២-០, ប្រកួតលើកទី២ ឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ឥណ្ឌូនេស៊ី ២-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតខ្ពស់ និងបន្តចាញ់ហ្វីលីពីន ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតនៅកម្រិតទាប ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ គឺមេដាយសំរឹទ្ធ ជាមួយប្រាក់រង្វាន់២ម៉ឺនដុល្លារអាមេរិក ខណៈឥណ្ឌូនេស៊ីឈ្នះមេដាយមាសទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារ និងហ្វីលីពីនទទួលបានមេដាយប្រាក់ជាមួយប្រាក់រង្វាន់៣ម៉ឺនដុល្លារ៕