គិតមកទល់ពេលនេះ មានរយៈពេល១២ឆ្នាំហើយដែលសហគមន៍កីឡាពន្លៃត្រូវបានលោក ម៉ៅ ផល្លី ក្នុងចក្ខុវិស័យរួមចំណែកអភិវឌ្ឍធនធានកីឡាដល់សហគមន៍ និងប្រទេសជាតិ។ ជាក់ស្ដែង កីឡាករវ័យក្មេងមួយរូប គឺ វុំាង ដាវីន ដែលបានសម្រេចក្ដីស្រមៃជាកីឡាករបាល់ទាត់អាជីព បានទទួលឱកាសជាប់ជម្រើសជាតិកម្ពុជា នាពេលកន្លងមក។
នេះជាអ្វីដែលលោក ម៉ៅ ផល្លី ចាត់ទុកជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សហគមន៍កីឡាពន្លៃ ដែលមានមូលដ្ឋាននៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងជាគម្រូដល់យុវជនជំនាន់ក្រោយ។
បើតាមលោក ម៉ៅ ផល្លី ដែលជាស្ថាបនិក បញ្ជាក់ថា សហគមន៍កីឡាពន្លៃបច្ចុប្បន្នមានទាំងក្រុមបាល់ទាត់ បុរស និងនារីច្រើនកម្រិត ហើយក៏បានប្រកួតពានរង្វាន់ជាច្រើនដែរ។ ក្នុងឆ្នាំ២០២៣នេះ លោកនឹងរៀបចំការប្រកួតជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ កីឡាការិនី ហង្ស ស្រីឡែន បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដែលបានចូលរួមហ្វឹកហាត់បាល់ទាត់ក្នុងសហគមន៍កីឡាពន្លៃនេះ។
គួរដឹងដែរថា សហគមន៍កីឡាពន្លៃ កាលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ បានទទួលសម្ភារៈសិក្សាពីថ្នាក់ដឹកនាំក្លិបបាល់ទាត់បឹងកេតដល់ក្មេងៗក្រីក្រក្នុងសហគមន៍ខ្លួន។ មិនតែប៉ុណ្ណោះ យុវជនក៏ទទួលបានការចែករំលែកបទពិសោធបាល់ទាត់ពីក្រុមការងារគ្រូបង្វឹកបឹងកេតផងដែរ៕