ក្រុមបាល់ទះជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំបានមកដល់កម្ពុជានៅម៉ោង១រសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិតទល់ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃអាទិត្យ ទី១៩ និងថ្ងៃពុធ ទី២២ ខែកុម្ភៈ នាវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
បើតាមលោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រាប់ថ្ងៃទី០១ ក៏មានការប្រកួតគូអមរវាងក្រុមរដ្ឋបាលរាជធានីភ្នំពេញ តទល់ក្រុមបញ្ជាការដ្ឋានអង្គរក្សផងដែរ។ លោកអគ្គលេខាធិការដដែលយល់ឃើញថា ការប្រកួតនេះនឹងមិនងាយស្រួលឡើយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ព្រោះថា ទោះបីក្រុមបារាំងជាយុវជនមែន ពួកគេបានហ្វឹកហាត់តាំងពីក្មេងៗ ខុសពីកម្ពុជាដែលភាគច្រើនអាយុ១៧ ទៅ១៨ឆ្នាំទើបហ្វឹកហាត់។
ដោយឡែក វាពិតជាមានសារៈសំខាន់ដើម្បីវាស់ស្ទង់ពីការត្រៀមខ្លួនរបស់កម្ពុជាមុនស៊ីហ្គេមចូលមកដល់។ ចំណែកលោក Slimane Belmadi គ្រូបង្គោលក្រុមបាល់ទះបារាំងអាយុក្រោម១៩ឆ្នាំ មើលឃើញពីភាពរីកចម្រើនរបស់ក្រុមកម្ពុជា ហើយលោកក៏រំពឹងអាចចែករំលែកបទពិសោធបន្ថែមទៀតដល់ក្រុមម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០២៣។
សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាអាចទិញសំបុត្របាននៅស្តាតអូឡាំពិក ក្នុងតម្លៃ៨០០០រៀល។