អតីតកីឡាករបាល់ទាត់ជម្រើសជាតិ សាន ណារិទ្ធ ៖ ម្ដាយខ្ញុំដើរតួសំខាន់ក្នុងអាជីពរបស់ខ្ញុំ

Sovann Tith
22 មើល
0 នាទីអាន
- Advertisement -

អតីតខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សាន ណារិទ្ធ ទម្លាយថា ម្ដាយរបស់លោកបានដើរតួសំខាន់ក្នុងការលើកទឹកចិត្តរូបលោកក្នុងអាជីពលើវាលស្មៅទាំងកាលនៅជាកីឡាករ និងពេលចូលធ្វើជាគ្រូបង្វឹកសាលាតម្រង់ទិស។


ដោយមានជីវភាពសមរម្យ គ្រូបង្វឹកដែលធ្លាប់ជាសមាជិកក្លិបក្រសួងការពារជាតិ, ខេមរាកីឡា, ភ្នំពេញក្រោន និងណាហ្គាវើលដ៍ អះអាងថា ម្ដាយរបស់លោកមិនឲ្យលោកខ្វាយខ្វល់ពីការងារអ្វីឡើយ ពោលឲ្យលោកផ្ដោតតែលើការហ្វឹកហាត់ និងបង្ហាត់សិស្សពេលចូលធ្វើគ្រូ។ លោកថា ម្ដាយលោកថែមទាំងបានជួយឧបត្ថម្ភលុយកាសផ្ទាល់ខ្លួនដល់លោកថែមទៀតពីលើប្រាក់ខែដែលមានស្រាប់ពីសហព័ន្ធ។

គួររំឭកថា លោក សាន ណារិទ្ធ ផ្ដើមការហ្វឹកហាត់បាល់ទាត់នៅក្លិបក្រសួងការពារជាតិដែលបច្ចុប្បន្នជាកងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំ១៩៩៨ និងបន្តទៅខេមរាកីឡា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, វេស្ទើនភ្នំពេញ និងអាស៊ីអឺរ៉ុបយូណាយធីត ដែលជាក្រុមចុងក្រោយនៃអាជីពជាកីឡាករក្នុងឆ្នាំ២០១៦។ អំឡុងនៅក្រុមអាជីព លោកបានរួមចំណែកឈ្នះពានរង្វាន់ជាហូរហែទាំងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសជើងឯករង AFC President’s Cup 2011 នៅភ្នំពេញក្រោន។

បុរសមានកំណើតនៅរាជធានីភ្នំពេញក៏បានជាប់ជម្រើសជាតិដំបូងក្នុងកម្រិតយុវជន ក្នុងឆ្នាំ២០០១ និងក្រោយមកក្រុមធំរហូតដល់ឆ្នាំ២០០៣៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕