គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ៥០០នាក់ចូលរួម ហើយវាគ្មិនសំខាន់ៗ ក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានឯកឧត្តម ផាត វិបុលសុភ័ក្ត្រ អនុប្រធានគណៈកម្មការពិធីការ ឯកឧត្តម ផន យិនយូរ៉ា អនុប្រធានពិធីការ និងកញ្ញា តៃ លីដា អនុប្រធានប្រចាំការពិធីការរបស់ CAMSOC។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី២២ ខែមេសា ម្សិលិមិញនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១ អ្វីដែលត្រូវធ្វើ និងទី២ អ្វីដែលយើងកុំធ្វើ គឺដូច៣កុំ៣ការពារអ៊ីចឹងដែរ ដែលជាទូទៅយើងត្រូវអនុវត្តគោលការណ៍នេះ ហេតុនេះអ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គង យើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួលខុសត្រូវ ទើបភ្ញៀវមានភាពកក់ក្តៅ និងទទួលបាននូវការទុកចិត្តដល់សេវាបម្រើរបស់យើង ដែលកើតចេញពីខ្លួនយើង ដោយជំនឿចិត្ត។ ឯកឧត្តម អគ្គលេខាធិការ បានថ្លែងបន្ថែមថា៖ «នៅក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត ជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម។ បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនិងគាំង ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជាការលើកគុណតម្លៃព្រឹត្តិការណ៍ឱ្យដំណើរការទៅមុខ តាមរយៈអ្នកស្ម័គ្រចិត្តជាង៦០០០នាក់ បូករួមទាំងអ្នកធ្វើការតាមសហព័ន្ធកីឡាជាតិសរុបជិត១ម៉ឺននាក់ គឺកន្លែងណាក៏មានអ្នកស្ម័គ្រចិត្តយើងទៅដល់ ហើយនេះជាកត្តាសំខាន់»។