ក្រោយឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ៧ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី០៥ នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ឆ្នាំ២០២៣ កាលថ្ងៃពុធ ទី២៧ ខែកញ្ញា លោក សុខ ម៉ុងដារ៉ា គ្រូបង្គោលក្រុមវិទ្យាល័យច្បារអំពៅ ថ្លែងថា ក្រុមលោកអាចសងសឹកក្រុមការពារតំណែងជើងឯកមួយនេះបានសម្រេចដូចបំណងហើយ។ សម្រេចដូចបំណងក៏ដោយសារតែរដូវកាលមុន ក្រុមមានមូលដ្ឋាននៅខណ្ឌច្បារអំពៅមួយនេះបានចាញ់ក្រុមស៊ីសុវត្ថិ ដោយលទ្ធផល៣ទល់នឹង០ ក្នុងវគ្គវិលជុំសន្សំពិន្ទុ។
ថ្លែងពីទីលានវិទ្យាល័យច្បារអំពៅ លោក សុខ ម៉ុងដារ៉ា អះអាងដែរថា ជ័យជម្នះនេះមិនមែនកើតឡើងដោយសំណាងទេ គឺបានមកពីសមត្ថភាពពិតៗរបស់កូនក្រុមដែលមានភាពប្រសើរឡើងពីមួយប្រកួតទៅមួយប្រកួត។ ទន្ទឹមនឹងនេះ លោកក៏បានសិក្សាពីកង្វះខាតរបស់គូប្រជែងមុនការប្រកួតដែរ។ យ៉ាងណា លោកថានឹងបន្តស្វែងរកជ័យជម្នះជាថែមទៀត ដើម្បីធានានៅកៅអីវគ្គបួនក្រុមចុងក្រោយ។
“ អ្វីដែលរងចាំក្នុងរយៈពេល១ឆ្នាំមកនេះ គឺចង់ជួបក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិយកតែម្តង។ ក្រុមទាំង១១ទៀតខ្ញុំមិនសូវចាប់អារម្មណ៍ ព្រោះខ្ញុំចង់តែប្រកួតប្រជែងជាមួយវិទ្យាល័យព្រះស៊ីសុវត្ថិ និង សងសឹកពួកគេ ” ។
ក្រោយរងបរាជ័យដំបូងក្នុងសប្តាហ៍ទីពីរ ក្រោមថ្វីជើងក្រុមវិទ្យាល័យ ប្ញស្សីកែវ រួចមកក្រុមវិទ្យាល័យច្បារអំពៅហាក់ធ្វើបានល្អច្រើនដោយពួកគេទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។ នៅសប្តាហ៍ទី៦ វិទ្យាល័យច្បារអំពៅ ត្រូវជួបតទល់នឹង វិទ្យាល័យ កោះដាច់ នៅថ្ងៃទី 0៣ ខែតុលា ឆ្នាំ២០២៣ លើដីខ្លួនឯង៕