ក្រោយពេលក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព ខកខានក្នុងការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យក្នុងរដូវកាលឆ្នាំ២០២៣ ខ្សែការពារ ខរី មូស្តាហ្វា ដែលកំពុងហ្វឹងហាត់ឱ្យក្រុមរបស់ខ្លួនត្រៀមពានរង្វាន់វិទ្យាល័យថ្នាក់ខេត្ត បានប្រាប់មកកាន់ AMS Sports ថា គេពិតជាចិញ្ចឹមចិត្តចង់ឱ្យក្រុមវិទ្យាល័យដែលគេកំពុងសិក្សាចូលរួមក្នុងពានរង្វាន់AIA ជើងឯកវិទ្យាល័យសារជាថ្មី
ដោយមើលឃើញពីការប្រកួតប្រជែងខ្ពស់ក្នុងពានរង្វាន់AIA ជើងឯកវិទ្យាល័យ ខ្សែការពារវ័យ១៨ឆ្នាំខាងលើបន្តថា ពានរង្វាន់មួយនេះ ការរៀបចំមានលក្ខណៈស្ដង់ដា ដែលអាចផ្ដល់ឱកាសឱ្យយុវជនបានបង្ហាញសមត្ថភាព បង្កើតក្ដីស្រមៃ និងរហូតដល់មានក្លឹបអាជីពមើលឃើញថែមទៀត
ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព បានចូលរួមក្នុងពានរង្វាន់ជើងឯកវិទ្យាល័យលើកដំបូង កាលពីរដូវកាលទី២ ឆ្នាំ២០២២ ដែលបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ៣។ ចូលមកដល់រដូវកាលទី៣ ឆ្នាំ២០២៣ កន្លងទៅ ក្រុមវិទ្យាល័យដែលពីខេត្តកណ្ដាលខាងលើនេះ បានប្រកាសដកខ្លួនវិញ ក្រោមហេតុផលមិនមានអ្នកឧបត្តម្ភគាំទ្រគ្រប់គ្រាន់។