យុវជន ម៉ែន កក្កដា ជាអ្នកស្រឡាញ់កីឡាស្គីកង់ម្នាក់ ហើយបច្ចុប្បន្នក្លាយជាអ្នកលេងស្គីកង់ដជំនាញជាងគេម្នាក់ប្រចាំក្រុមCRSA ។ តែមុននឹងថ្នឹកដូចសព្វថ្ងៃ យុវជនរូបនេះតស៊ូមិនស្ទើរឡើយ ដោយធ្វើការស្វ័យសិក្សាដោយខ្លួនឯងតាមរយៈការសិក្សាពីប្រព័ន្ធអ៊ឺនធឺណេត បុគ្គលល្បីៗនៅស្រុកគេ ដោយសារជាប្រភេទកីឡាពេញនិយមនៅបរទេស។
និស្សិតផ្នែកព័ត៌មានវិទ្យាដដែលបន្តថា រាល់ការចេះចាំក្បាច់លេងនីមួយៗទៅបាន មិនស្រួលដូចមើលវីដេអូប៉ុន្មានទេ ត្រូវចំណាយពេលធ្វើច្រើនដង អ្វីដែលសំខាន់នោះគឺភាពក្លាហាន និងមិនឆាប់បោះបង់។ជាមួយគ្នាដែរ និស្សិតសាកលវិទ្យាល័យកម្ពុជាក៏បានលើកឡើងអំពីផលលំបាកដែលជួបប្រទះកន្លងមកនោះគឺគ្រួសារមិនជំរុញឱ្យលេង បូកផ្សំកីឡាប្រភេទនេះមិនសូវជាមានគេស្គាល់និងឱ្យតម្លៃច្រើនផងនោះ។
ទន្ទឹមគ្នាដែរ យុវជនវ័យ១៩ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍តូចចិត្តដែលក្នុងស្រុកពុំសូវមានគេទទួលស្គាល់កីឡាដែលខ្លួនស្រឡាញ់ មិនមានសកម្មភាពប្រកួតប្រជែងច្រើន ស្របពេលប្រទេសក្នុងតំបន់គេមានកម្មវិធីជាញឹកញយ។ ឆ្លៀតឱកាសនេះ កក្កដា សំណូមពរដល់អ្នកមានលទ្ធភាពជួយឧបត្ថម្ភខ្លះៗ ពិសេសពេលគេចេញទៅប្រកួតនៅវៀតណាមក្នុងខែសីហាខាងមុខ៕