ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ គឺក្នុងបំណងសំខាន់ៗចំនួន២។
ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លម្អិតពីគោលបំណងបែបនេះ “៖ ទី១ ជួយដល់កីឡាករ កីឡាការិនី មានឱកាសចូលរួមប្រកួតកម្រិតខ្ពស់។ នៅអាស៊ីជាប្រទេសនៃប្រភពក្បាច់គុន។ កម្ពុជាក៏ជាប្រភពក្បាច់គុនដ៏ចំណាស់ក្នុងប្រវត្តិសាស្ត្រដែរ ព្រោះបានទទួលឥទ្ធិពលក្បាច់គុនដើមពីឥណ្ឌា តែមិនមែនមានន័យថា យកក្បាច់ពីឥណ្ឌាទាំងស្រុងទេ សូម្បីចិន កូរ៉េ អីក៏មានឥទ្ធិពលពីឥណ្ឌាដែរ។ អ៊ីចឹងវាជាឱកាសនៃការលើកតម្កើងក្បាច់គុនយើង។ ទី២ធ្វើសមាហរណកម្មក្បាច់គុនបញ្ចូលគ្នា និង ដឹងពីក្រមនៃការប្រកួត។ ការប្រកួតនេះមិនមែនសំដៅទាំងស្រុងទៅលើការឈ្នះចាញ់ទេ គឺដើម្បីកិត្តិយស វាយអស់ពីសមត្ថភាព វាយយកពិន្ទុ និងដើម្បីគោរពគោលការណ៍បទបញ្ញត្តិការប្រកួតអាស៊ី។”
ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា សកម្មភាពនេះក៏ជាការឆ្ពោះទៅរកការដាក់បញ្ចូលក្នុងកម្រិតកីឡាអូឡាំពិក។ ដូច្នេះប្រកួតដើម្បីឱ្យមានការផ្សព្វផ្សាយទូលំទូលាយ។ ជាក់ស្ដែង គុនចម្រុះអាស៊ីនេះនឹងមានក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅ Nagoya ប្រទេសជប៉ុន ឆ្នាំ២០២៦។ បន្ទាប់ពីនេះទៅ ក៏ នឹងឡើងទៅមួយកម្រិតទៀតក្នុង២០២៨ គឺព្រឹត្តិការណ៍កីឡាអូឡាំពិក Los Angeles សហរដ្ឋអាមេរិក។
សម្រាប់កម្ពុជាវិញ អ្វីដែលជាគោលបំណងធំដែរនោះ គឺដើម្បីសមាហរណកម្មកីឡាករ កីឡាការិនី គុនចម្រុះខ្មែរទៅលើឆាកអន្តរជាតិជាផ្លូវការ។
គិតមកទល់ពេលនេះ មានជាង១៧ប្រទេសបានចុះឈ្មោះចូលរួម ហើយរំពឹងថា នឹងបានជាង២០ប្រទេសពេលផុតកាលបរិច្ឆេទចុះឈ្មោះនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
កម្ពុជាត្រៀមកីឡាករ កីឡាការិនី ១៦នាក់ មានដូច ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីត, ហាត ភី, ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុ ថារ័ត្ន និង ទួន ស្រីភីន។
គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ នឹងប្រព្រឹត្តពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា នាពហុកីឡដ្ឋានជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបើកជាផ្លូវការ នឹងមានការសម្ដែងគុនល្បុក្កតោ, ខម, ខែល, យុទ្ធគុនខ្មែរ, ចំបាប់បុរាណ ដើម្បីបង្ហាញភាពចម្រុះនៃរបស់ខ្មែរ។ ការប្រកួតនេះក៏ជាការជម្រុះទៅ Asian Indoor Martial Games នៅប្រទេសថៃ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងការចូលរួមទស្សនាការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីនេះដែរ ក្នុងនាមដៃគូសហការ លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន VIP Sports ថា នឹងមានដាក់លក់សំបុត្រតាមអនឡាញ លើគេហរទំព័រ VIP Sports ផ្ទាល់ ។ ការដាក់លក់សំបុត្រនេះ គឺដើម្បីរក្សាបាននូវគុនតម្លៃកីឡា ពិសេសប្រភេទកីឡាក្បាច់គុនបុរាណខ្មែរ ហើយក៏ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជន ដែលចង់ជាវចូលទស្សនាផងដែរ ចៀងវាងនូវការបន្លំផ្សេងៗ។ ចំពោះតម្លៃ គឺ ៦ម៉ឺនរៀលសម្រាប់កៅអី VIP និងធម្មតា២ម៉ឺនរៀល៕