ក្រោយពីលេចឮដំណឺងថានឹងមានការប្រកួតសារជាថ្មីរវាង ធន់ រិទ្ធី តទល់នឹង សៃយុគ សម្រាប់លោក ធន់ សុភា គ្រូបង្វឹកផ្ទាល់របស់អ្នកលេងអំបោះឆៅបានលើកឡើងថាជំនួបលើកនេះ លោកប្រើប្រាស់យុទ្ធសាស្រ្តចាស់កាលពីយកឈ្នះលើសាម៉ីមកអនុវត្ត។ យុទ្ធសាស្រ្តចាស់នោះគឺការមិនទទួលការប្រកួតនានាជាងមួយខែមកនេះ បំពាក់បំប៉នក្បាច់បន្ថែម និងការថែទាំសុខភាពរបស់ រិទ្ធី ឱ្យបានពេញល្អ។
លើសពីនេះ គ្រូបង្វឹកឆ្នើមដដែលបន្តថា លោកនឹងពង្រឹង រិទ្ធី ឱ្យបានខ្លាំងលើរបៀបវ៉ៃចេញចូលរបស់គេ ពិសេសគឺពេលមានប្រៀបលើគូប្រកួតហើយ មិនត្រូវប្តូរមកត្រឹមតែទប់នោះទេ។ និយាយបែបនេះផ្អែកលើបទពិសោធស្មើគ្នាជាមួយ សៃយុគ អំឡុងប៉ះគ្នាកាលពីដើមឆ្នាំកន្លងទៅ។
បើមិនមានអ្វីប្រែប្រួលទេ អ្នកលេងអំបោះឆៅ ធន់ រិទ្ធី នឹងត្រូវប៉ះគ្នាតទល់ សៃយុគ លើកទី៣ ក្នុងព្រឹត្តិការណ៍របស់គ្រុឌ The Battle of Kings វគ្គ២ លើទឹកដីខេត្តបន្ទាយមានជ័យ។ តើប្រិយមិត្តអ្នកស្នេហាគុនខ្មែរគិតថា ធន់ រិទ្ធី អាចស្វែងរកជ័យជម្នះលើខ្លាចាស់ សៃយុគ ភុំផាមួង បានដែរឬទេ?