Skip to content
    ទំព័រដើម  »  កីឡាជាតិ

ដកចិត្តនឹកកូនមួយឡែក! ឪពុកម្ដាយយុវជនក្រុម Mate Jr. រំពឹងកូនៗបានបទពិសោធល្អពីការទៅហាត់បាល់នៅអាល្លឺម៉ង់

ទទួលស្គាល់ថា ការបែកកូនដែលធ្លាប់តែឱបជាប់ទ្រូងពិតជារឿងដ៏ពិបាកខ្លាំង ប៉ុន្តែអ្នកស្រី ផល្លា ព្យាយាមកាត់ចិត្ត ព្រោះចង់ឱ្យកូនប្រុសទទួលបានជំនាញច្បាស់លាស់ក្នុងកីឡាបាល់ទាត់។ នេះជាការលើកឡើងរបស់អ្នកស្រី ផល្លា ដែលបានថ្លែងពេលជូនកូនប្រុសអាយុ៨ឆ្នាំធ្វើដំណើរទៅហ្វឹកហាត់កីឡាបាល់ទាត់នៅប្រទេសអាល្លឺម៉ង់ កាលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ស្ត្រីមានស្វាមីជាជនជាតិអង់គ្លេសខាងលើប្រាប់ថា កូនប្រុស George បានចូលហ្វឹកហាត់កីឡាបាល់ទាត់រយៈពេល២ឆ្នាំមកហើយ ហើយគេបានជាប់ឈ្មោះក្នុងចំណោមយុវជន១២រូបពីប្រទេសកម្ពុជាទៅហ្វឹកហាត់កីឡាបាល់ទាត់នៅក្រុង Arnstad ប្រទេសអាល្លឺម៉ង់រយៈពេលមួយខែជាមួយសមាជិក១១នាក់ទៀតក្នុងក្រុម Mate Jr.។

អ្នកស្រី ផល្លា អះអាងថា ជាលើកដំបូងហើយដែលបែកកូនប្រុសយូរបែបនេះ តែដោយសារតែមានការមើលការខុសត្រូវពីថ្នាក់ដឹកនាំ ហើយរំពឹងថា រូបគេនឹងបានជំនាញល្អដើម្បីអនាគតផងនោះ អ្នកស្រីមិនរួញរាជំរុញរូបគេទៅអាល្លឺម៉ង់ទេ។

អ្នកស្រី ផល្លា ថ្លែងថា នឹងបន្តលើកទឹកចិត្តកូនប្រុស ប្រសិនបើរូបគេចង់ក្លាយជាកីឡាករអាជីពនាពេលអនាគត។
ចំណែក លោក យុទ្ធ ណារ៉ុង និងលីជូ វិញប្រាប់ថា កូនប្រុសអាយុ១២ឆ្នាំរបស់អ្នកទាំង២បានចូលហ្វឹកហាត់កីឡាបាល់ទាត់រយៈពេល២ទៅ៣ឆ្នាំមកហើយ តែរូបគេស្រលាញ់កីឡាមួយនេះតាំងពីតូចៗម្ល៉េះ។ ដូច្នេះមិនរួញរាឱ្យរូបគេចាប់ឱកាសទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់ឡើយ។

អំឡុងវត្តមាននៅអាល្លឺម៉ង់រយៈពេលមួយខែនេះ យុវជនទាំងអស់ដែលមានទាំងមកពីប្រទេសផ្សេងៗផងនោះ នឹងហ្វឹកហាត់ ប្រកួតផ្លាស់ប្ដូរបច្ចេកទេស ក៏ដូចជា ទស្សនាការប្រកួតដើម្បីដកស្រង់បទពិសោធ៕