ក្នុងឱកាសដែលក្រុមបាល់ទាត់បឹងកេតធ្វើតេស្តជ្រើសរើសយុវជនអាយុក្រោម១៣ឆ្នាំ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នាទីលានវិទ្យាល័យជាស៊ីមជ្រោយចង្វារដែលមានការចូលរួមពីយុវជន អាណាព្យាបាលប្រមាណជាជាង៥០០នាក់ ។ លោក ឈួន អុិនវន្នី ជាអាណាព្យាលបាលមួយរូប ក្នុងចំណោមអាណាព្យាបាលដទៃទៀត ដែលបានចំណាយពេលចុងសប្ដាហ៍របស់ខ្លួនដោយបានធ្វើដំណើរពីស្រុកបាទី ខេត្តតាកែវ ជាមួយភរិយា និង កូនៗចំនួន២នាក់ មកធ្វើតេស្តជាកីឡាករអាយុក្រោម១៣ឆ្នាំរបស់បឹងកេត។ បុរសវ័យ៤២ ឆ្នាំខាងលើបានបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញឪពុកម្ដាយ អាណាព្យាបាល ព្រមទាំងយុវជនជាច្រើនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡាបែបនេះ។ លោកបន្តថា ក្នុងនាមជាអាណាព្យាបាល លោកធ្វើយ៉ាងណានឹងជំរុញលើកទឹកចិត្តកូនមិនរារែកចិត្តនោះឡើង ក្នុងការផ្ដួចផ្ដើមកូនចាប់នូវក្ដីស្រមៃជាកីឡាករបាល់ទាត់អាជីពមួយរូប។
សម្រាប់បញ្ជីឈ្មោះចុងក្រោយដែលត្រូវជ្រើសរើសក្រុមការងារគ្រូបង្វឹកបឹងកេតនឹងប្រកាសក្នុងហ៊្វេសប៊ុកផេក Boeung Ket Academy ហើយការតេស្តដំណាក់កាលដំបូងនេះក្លឹបនឹងជ្រើសរើសយកយុវជន ៤៥នាក់ រួចនឹងបន្តជម្រុះយកត្រឹម ២៥នាក់ដើម្បីត្រៀមការប្រកួតពានរង្វាន់ជាតិ និងអន្តរជាតិនានា ក្នុងពេលខាងមុខ៕