Skip to content
    ទំព័រដើម  »  កីឡាជាតិ

រឺម៉កកង់៣មួយគ្រឿងគ្នា១៣នាក់! យុវជនមកពីក្ដីតាកុយមិនខ្វល់រឿងចង្អៀតស៊ូអង្គុយប្រជ្រៀតទៅធ្វើតេស្ដ U13 នៅបឹងកេត

តាមរយៈព័ត៌មានរបស់ក្លឹបបាល់ទាត់បឹងកេតស្តីពីការធ្វើតេស្តជ្រើសរើសយុវជនអាយុក្រោម១៣ឆ្នាំរបស់ក្លឹបឃើញថាមានយុវជនជាច្រើនរយនាក់បានមកចូលរួមបង្ហាញសមត្ថភាពយ៉ាងច្រើនកុះករ។ ក្នុងនោះដែរយុវជន ជា ដានីយ៉ែល តៃកុងកង់បីដឹកក្មេងៗប្រមាណ១៣នាក់មកពីម្តុំក្តីតាកុយបានលើកឡើងថាពិតជារីករាយក្នុងការជូនក្មេងៗប្រចាំក្រុមជំនុំផ្លូវនៃក្តីសង្ឃឹម (Way of Hope) របស់ខ្លួនមកបញ្ចេញទេពកោសល្យក្នុងឱកាសនៃការតេស្តយុវជនចូលរួមជាមួយក្លឹបបាល់ទាត់បឹងកេតនេះ។

យុវជនមានមូលដ្ឋានក្នុងសង្កាត់វាលស្បូវដដែលបន្តថាត្បិតត្រូវចំណាយពេលវេលាចាំយូរ និងថវិកាផ្ទាល់ខ្លួនផ្សេងៗមែន ប៉ុន្តែដានីយ៉ែលពេញចិត្តនឹងជូនក្មេងៗរបស់គេមកបំពេញក្តីស្រមៃក្លាយខ្លួនជាកីឡាករអាជីពនាពេលអនាគត។ សម្រាប់ការមកធ្វើតេស្តនេះក្នុងនាមជាអ្នកដឹកនាំគេមានជំនឿចិត្តលើសមត្ថភាពក្មេងៗរបស់គេថាមានភាគរយច្រើនជាប់ក្នុងបញ្ជឺចុងក្រោយរបស់ក្លឹប។

កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្លឹបបាល់ទាត់បឹងកេតបានធ្វើការជ្រើសរើសយុវជនថ្នាលអាយុក្រោម១៣ឆ្នាំ នាតារាងបាល់ទាត់វិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ។ សម្រាប់ការតេស្តដំណាក់កាលដំបូងនេះក្លឹបជ្រើសរើសយកយុវជន ៤៥នាក់នឹងបន្តជម្រុញយកត្រឹម ២៥នាក់ដើម្បីត្រៀមការប្រកួតពានរង្វាន់ជាតិ និងអន្តរជាតិនានា ក្នុងពេលខាងមុខ៕