Skip to content
ប្រ៊ុយណេកំពុងពិចារណាគ្រូល្បីឈ្មោះ៣រូប​រួម​ទាំង​អតីត​គ្រូ ចាន់ វឌ្ឍនាកា ដើម្បីជ្រើសមក​ធ្វើ​គ្រូ​ធំ​ត្រៀម AFF Suzuki Cup
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ប្រ៊ុយណេកំពុងពិចារណាគ្រូល្បីឈ្មោះ៣រូប​រួម​ទាំង​អតីត​គ្រូ ចាន់ វឌ្ឍនាកា ដើម្បីជ្រើសមក​ធ្វើ​គ្រូ​ធំ​ត្រៀម AFF Suzuki Cup

អតីតគ្រូបង្គោលជម្រើសជាតិម៉ាឡេស៊ីដែលមានស្នាដៃដឹកនាំឈ្នះពាន AFF Suzuki Cup 2010 និងមេដាយមាសស៊ីហ្គេម២០០៩ Datuk K. Rajagobal, អតីតគ្រូបង្គោលមីយ៉ាន់ម៉ា Gerd Zeise ដែលដឹកនាំU20ប្រទេសនេះឡើងដល់ FIFA World Cup U20 2015 និងអតីតគ្រូបង្គោលហ្វ៊ីលីពីន Michael Weiss ដែលមានស្នាដៃនាំហ្វ៊ីលីពីនជាប់លេខ៣ក្នុងពាន AFC Challenge Cup 2012 កំពុងស្ថិតក្នុងបញ្ជីពិចារណារបស់សហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេដើម្បីតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេ លោក Pengiran Matusin Pengiran Matasan បានលើកឡើងថា NFABD បានវាយតម្លៃលក្ខខណ្ឌបច្ចេកទេសរបស់បេក្ខភាពទាំងអស់រួចរាល់ហើយ ហើយសម្រិតសម្រាំងសល់៣នាក់ចុងក្រោយដែលត្រូវតាមលក្ខណៈសម្បត្តិកំណត់ គឺ​ទី​១​គ្រូជនជាតិម៉ាឡេស៊ីវ័យ៦៤ឆ្នាំ Rajagobal ដែលធ្លាប់បង្វឹក ចាន់ វឌ្ឍនាកា នៅក្លិប PKNS FC។

ទី២​ គ្រូជនជាតិអាល្លឺម៉ង់វ័យ៦៨ឆ្នាំ Zeise ដែលការបង្វឹកលើកចុងក្រោយក្នុងក្រុមធំមីយ៉ាន់ម៉ាពី២០១៥ដល់២០១៨។

AFF SUZUKI CUP 2016 Final Rounds Group B, Myanmar 26 November 2016

និង​ទី​៣ គ្រូជនជាតិអាល្លឺម៉ង់វ័យ៥៥ឆ្នាំដែលបានបង្វឹកចុងក្រោយនៅម៉ុងហ្គោលីដោយកាន់ក្រុមធំនិងក្រុមU23ប្រទេសនេះ។

ខណៈព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលត្រូវបានលើកពេលនៅសល់តែប៉ុន្មានខែទៀតនោះ សហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេរំពឹងថានឹងប្រកាសការតែងតាំងគ្រូបង្គោលថ្មីក្នុងពេលឆាប់ៗ តែក្នុងនោះកត្តាហិរញ្ញវត្ថុក៏ត្រូវបានដាក់បញ្ចូលក្នុងការពិចារណាដែរ៕