បួនក្រុមដែលកក់កៅអីឡើងទៅវគ្គ១៦ក្រុម Champions League ដែលក្រុមទាំងនោះរួមមាន Chelsea, Sevilla, Barcelona និង Juventus។ ហើយអាចនឹងមានក្រុមបន្ថែមទៀត ដែលឈានទៅកាន់វគ្គ១/៨ផ្ដាច់ព្រ័ត្រ សម្រាប់ការប្រកួតនារាត្រីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមដែលមានក្ដីរំពឹងខ្ពស់ថាអាចឈានទៅកាន់វគ្គបន្ទាប់បាន បន្ទាប់ពីការប្រកួតយប់នេះមានដូចជា Liverpool, Manchester City និង ក្រុមការពារជើងឯកអឺរ៉ុប Bayern Munich។ ក្រុមទាំង៣សុទ្ធតែទទួលបានលទ្ធផលល្អដូចគ្នា ដោយយកបាន៩ពិន្ទុសម្រាប់៣ប្រកួតដំបូងនៅក្នុងពូលរៀងៗខ្លួន។
នៅពូល A ក្រុម Bayern Munich នឹងឆ្លងទៅវគ្គ១៦ក្រុម ប្រសិនបើពួកគេអាចយកឈ្នះ Red Bull Salzburg។ យ៉ាងណាម៉ិញ ក្រុមរបស់លោក Hansi Flick ក៏អាចទទួលបានកៅអីទៅវគ្គបន្ទាប់ផងដែរ នៅក្នុងលទ្ធផលស្មើគ្នា ប្រសិនបើ Lokomotiv Moscow ដែលនៅក្នុងពូលជាមួយគ្នា មិនអាចយកឈ្នះ Atletico Madrid បាន។
សម្រាប់ពូល C វិញ ក្រុម Manchester City នឹងទទួលបានកៅអីនៅវគ្គ១៦ក្រុម ដោយពួកគេត្រូវការត្រឹមតែស្មើប៉ុណ្ណោះ សម្រាប់ការប្រកួតទល់នឹង Olympiakos នៅរាត្រីនេះ។ Marseille នឹងអស់ឱកាសប្រជែងកៅអីវគ្គបន្ទាប់ ប្រសិនបើពួកគេបរាជ័យក្នុងដីទល់នឹង Porto។
រីឯពូល D ក្រុមហង្សក្រហម Liverpool នឹងឈានទៅកាន់វគ្គ ១/៨ផ្ដាច់ព្រ័ត្រ ប្រសិនបើពួកគេអាចយកឈ្នះ Atalanta នៅទឹកដី Anfield។ លទ្ធផលត្រឹមស្មើ ក៏គ្រប់គ្រាន់សម្រាប់ក្រុមលោក Jurgen Klopp ដើម្បីឆ្លងផុតវគ្គចែកពូល ប្រសិនបើ Ajax មិនអាចយកបាន៣ពិន្ទុពី Midtjylland បាន។
ដោយឡែក នៅក្នុងពូល B ពុំទាន់មានក្រុមណាមួយដែលអាចកក់កៅអីទៅវគ្គបន្ទាប់ ឬធ្លាក់ចេញពីការប្រកួត នោះទេសម្រាប់ការប្រកួតជុំទី៤នារាត្រីនេះ៕