អតីតខ្សែប្រយុទ្ធរបស់ក្លឹប LA Galaxy, Zlatan Ibrahimovic បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Major League Soccer ពុំសូវមានភាពរីកចម្រើនដោយសារតែ មានច្បាប់ច្រើនពេក។
Ibrahimovic ជាកីឡាករដែលឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពរបស់ខ្លួន ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ហើយបានចាយពេល២រដូវកាលនៅ LA Galaxy ក្នុងឆ្នាំ២០១៨ និង២០១៩ មុនពេលត្រលប់ទៅអឺរ៉ុបវិញ ហើយបញ្ចប់អាជីពនៅ AC Milan។
ក្រោយពេលដែល ខ្សែប្រយុទ្ធស៊ុយអែតចាកចេញ MLS បានបង្កើនចំនួនក្រុមពី២៤ ទៅ២៩ក្រុម ដោយ San Diego FC អាចនឹងក្លាយជាក្រុមទី៣០ ក្នុងឆ្នាំ២០២៥ ហើយម្ចាស់ពាន Ballon d’Or ៨សម័យ Lionel Messi បានផ្លាស់ទៅចូលរួម Inter Miami កាលពីឆ្នាំមុន។
ទោះយ៉ាងណាក្ដី លោក Ibrahimovic ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ AC Milan បានរៀបរាប់ចំណុចដែលខ្លួនមិនពេញចិត្ត ចំពោះលីគកំពូលអាមេរិក។