ក្រុមហង្សក្រហម Liverpool បានរងបរាជ័យការប្រកួតពានផ្លូវការក្នុងទឹកដីខ្លួនឯងដោយគម្លាតគ្រាប់បាល់លើសពី១គ្រាប់ជាលើកដំបូងក្នុង១៣៧ប្រកួតក្រោមការដឹកនាំរបស់លោក Jurgen Klopp បន្ទាប់ពីត្រូវភ្ញៀវ Atalanta ស៊ី២-០នៅ Anfield យប់ថ្ងៃពុធទី២៥ខែវិច្ឆិកាឆ្នាំ២០២០។
នេះក៏ជាបរាជ័យក្នុងទឹកដីធ្ងន់បំផុតរបស់ Liverpool ផងដែរតាំងពីខែសីហាឆ្នាំ២០១៥មក ដោយកាលណោះពួកគេបានចាញ់ West Ham ០-៣ នៅ Anfield ក្នុង Premier League ក្រោមការដឹកនាំរបស់លោក Brendan Rodgers។
Atalanta រកបាន២គ្រាប់ក្នុងចន្លោះពេល៤នាទី គឺក្នុងនាទី៦០ដោយ Josep Ilicic និងនាទី៦៤ដោយ Robin Gosens ធ្វើឱ្យការដណ្ដើមកៅអីទៅជុំបន្ទាប់នៅក្នុងពូល D នៃ Champions League រដូវកាលនេះបន្តបើកចំហ។
លោក Klopp ដែលបាននិយាយមុនការប្រកួតថា Atalanta ជាក្រុមពោរពេញដោយភាពគំរាមកំហែងនោះ បានផ្លាស់ប្ដូរសមាសភាពច្រើនក្នុងជម្រើស១១នាក់។ ក្រុមហង្សក្រហមលេងមិនរលូនឡើយ ហើយស៊ុតមិនចំគោលដៅសោះ ទោះបី Mohamed Salah វិលចូលជម្រើស១១នាក់ជាថ្មីក៏ដោយ។ ក្រោយរបូតគ្រាប់បាល់ទី១ លោក Klopp បានប្ដូរកីឡាករ៤នាក់ដំណាលគ្នាភ្លាមៗ ប៉ុន្តែមិនអាចស្ដារស្ថានការណ៍បានឡើយ។ ៥នាទីមុនដល់នាទី៩០ អ្នកចាត់ការជនជាតិអាល្លឺម៉ង់បានដាក់ Takumi Minamino ចូលជំនួស Joel Matip ម្នាក់ទៀតតែនៅតែមិនអាចរកគ្រាប់បាល់បាន។
ទោះយ៉ាងណា Liverpool នៅតែឈរលេខ១ក្នុងពូល D ដោយមាន៩ពិន្ទុ ខណៈ Ajax និង Atalanta មាន៧ពិន្ទុដូចគ្នា រីឯ Midtjylland ០ពិន្ទុ។
នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ Liverpool នឹងប៉ះ Brighton ក្នុង Premier League មុនតតាំងនឹង Ajax ក្នុង UCL ជាបន្តទៀត៕