សមាជិករបស់ក្លឹប Real Madrid មិនបានចូលរួមកម្មវិធី Ballon d’Or ឆ្នាំ២០២៤ នោះទេ ដែលធ្វើឱ្យមានភាពស្រឡាំងកាំងពីអ្នករៀបចំពានរង្វាន់នេះ ដ្បិតពួកគេមានបេក្ខភាពជាច្រើន និងបានឈ្នះពានមួយចំនួនផងដែរកាលពីរាត្រីថ្ងៃចន្ទកន្លងទៅនេះ។
សមាជិកក្លឹបយក្សអេស្ប៉ាញ បានធ្វើពហិកាមិនចូលរួមកម្មវិធីប្រចាំឆ្នាំរៀបចំដោយ France Football បន្ទាប់ពីពួកគេដឹងថា ខ្សែប្រយុទ្ធ Vinicius Junior មិនមែនជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ ហើយទីបំផុតអ្នកដែលឈ្នះគឺជាខ្សែបម្រើការពារ Rodri របស់ក្លឹប Manchester City និងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។
តាមគម្រោងប្រតិភូរបស់ Real Madrid ប្រមាណជា៥០នាក់ បានត្រៀមក្នុងការធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធីនោះ ប៉ុន្ដែគម្រោងរបស់ពួកគេត្រូវបានលុបចេញវិញ តែប៉ុន្មានម៉ោងក្រោយពេលដែលទទួលដំណឹងថា ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល ឬខ្សែការពារស្លាបស្ដាំអេស្ប៉ាញ Dani Carvajal មិនឈ្នះ Ballon d’or។
សមាជិកក្លឹបយក្សអេស្ប៉ាញ ត្រូវបានរាយការណ៍ថា មានភាពភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីដឹងថាម្ចាស់ពាន Ballon d’Or ឆ្នាំនេះមិនមែនជាកីឡាករមកពី Real Madrid បើទោះបីជាពួកគេឈ្នះជើងឯក La Liga និង UEFA Champions League ក្នុងរដូវកាល ២០២៣-២៤ ក៏ដោយ ខណៈ Carvajal ក៏បានឈ្នះពាន Euro 2024 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។