អ្នកចាំទីវ័យចំណាស់ Petr Cech បានចូលលេងក្នុងការប្រកួតឡើងវិញជាលើកដំបូងតាំងពីខែឧសភាឆ្នាំ២០១៩មក ដោយបង្ហាញខ្លួនក្នុងក្រុមបម្រុងរបស់តោខៀវ Chelsea ដែលបានផ្ដួល Tottenham ៣-២ កាលថ្ងៃចន្ទទី១៤ខែធ្នូឆ្នាំ២០២០។
កីឡាករវ័យ៣៨ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៍និងក្លាយជាទីប្រឹក្សាបច្ចេកទេសរបស់ Chelsea ប៉ុន្តែថ្មីៗនេះត្រូវបានលោក Frank Lampard បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករវិញដើម្បីជាការសឺកួសម្រាប់ករណីចាំបាច់ក្នុងរដូវកាលថ្មីនេះ។
ការត្រលប់មកលើទីលានប្រកួតជាថ្មីនេះមិនមែនគ្មានកំហុសទេសម្រាប់អតីតអ្នកចាំទី Rennes ខាងលើ។ Cech បាន error ក្នុងការចេញបាល់ពីក្រោមមក និងរបូតគ្រាប់បាល់ទី១ បន្ទាប់មកស្មានខ្យល់បាល់ខុស បណ្ដាលឱ្យ Spurs រកបានគ្រាប់ទី២។ តែ Chelsea បានវាយបកវិញចុងម៉ោងរហូតឈ្នះ៣-២។
Cech ក៏បានពាក់ព័ន្ធក្នុងជម្លោះទ្រង់ទ្រាយធំមួយលើទីលានផងដែរ បន្ទាប់ពីមិត្តរួមក្រុម Danny Drinkwater និង Alfie Devine របស់ Spurs រងពិន័យកាតក្រហម។
សូមរំឭកថា Cech ដែលបានលេង១២៤ប្រកួតសម្រាប់ជម្រើសជាតិឆេក បានចាយពេល១១ឆ្នាំជាកីឡាកររបស់ Chelsea ហើយឈ្នះ១៣ពានរង្វាន់ រួមទាំង Premier League ៤ដង និង Champions League ផង មុនផ្លាស់ទៅលេងឱ្យ Arsenal។
Cech បានលេងឱ្យ Chelsea លើកចុងក្រោយក្នុងជ័យជម្នះ៣-១លើ Sunderland កាលពីខែឧសភាឆ្នាំ២០១៥ មុនទៅចូលរួម Arsenal។ លោកបានប្រកាសព្យួរស្រោមដៃក្នុងខែឧសភាឆ្នាំ២០១៩បន្ទាប់ពីលេងវគ្គផ្ដាច់ព្រ័ត្រ Europa League ចាញ់ Chelsea៕