Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករ Man United មួយរូប សូមទោស Ten Hag ក្រោយត្រូវបានក្លឹបបញ្ចប់តំណែង

ខ្សែបម្រើ Bruno Fernandes មានអារម្មណ៍ថា គេគួរតែមានចំណែកបណ្ដាលឱ្យ អ្នកចាត់ការ Erik ten Hag ត្រូវបានបណ្ដេញចេញពីតំណែង ហើយគេក៏បានសូមអភ័យទោសចំពោះបុរសជនជាតិហុល្លង់ផងដែរ។

Fernandes រកគ្រាប់បាល់ដោយការស៊ុតប៉េណាល់ទីសម្រាប់ Man United ក្នុងប្រកួតស្មើគ្នា ១-១ ជាមួយ Chelsea ដែលនេះជាប្រកួតដំបូងក្នុងលីគរបស់ក្រុមបិសាចក្រហម តាំងពីបញ្ចប់តំណែងលោក Ten Hag កាលពីថ្ងៃចន្ទសប្ដាហ៍មុន។

ខ្សែបម្រើព័រទុយហ្កាល់បានទម្លាយឱ្យដឹងថា គេបាននិយាយជាមួយអតីតគ្រូបង្វឹករបស់ខ្លួន បន្ទាប់ពីការសម្រេចចិត្តត្រូវបានធ្វើឡើង ហើយគេសារភាពថា កីឡាករគួរតែទទួលខុសត្រូវចំពោះការចាកចេញរបស់លោក Ten Hag។

ថ្លែងប្រាប់ Sky Sports, ប្រធានក្រុមបិសាចក្រហមនិយាយថា៖ “នៅពេលណាក៏ដោយ ដែលអ្នកបានឃើញអ្នកចាត់ការចាកចេញ អ្នកត្រូវតែបន្ទោសខ្លួនឯងខ្លះដែរ នេះក៏ព្រោះតែក្រុមធ្វើពុំបានល្អ”។

“វាងាយស្រួលក្នុងការដកគ្រូបង្វឹក ជាងការដកកីឡាករ១៥នាក់។ ខ្ញុំបាននិយាយជាមួយអ្នកចាត់ការ(Ten Hag) ហើយបានសូមទោសគាត់ ខ្ញុំពិតជាខកចិត្តដែលគាត់ចាកចេញ ហើយខ្ញុំបានព្យាយាមជួយគាត់។ ខ្ញុំមិនអាចរកគ្រាប់បាល់បាន យើងមិនអាចរកគ្រាប់បាល់បាន ហើយខ្ញុំមានអារម្មណ៍ថាគួរតែទទួលខុសត្រូវចំពោះរឿងនេះ”។

“នេះមិនមែនជារឿងល្អទេសម្រាប់ក្លឹប ពេលដែលអ្នកចាត់ការបានចាកចេញ។ ក្រុមទាំងមូលធ្វើពុំបានល្អឡើយ លទ្ធផលទទួលបានមិនល្អ ហើយគាត់ជាអ្នកដែលត្រូវរ៉ាប់រងរឿងនេះ”។

ក្រោយពេលដែលលោក Ten Hag ចាកចេញ, Man United បានយកឈ្នះ Leicester City ក្នុងពានរង្វាន់ League Cup និងស្មើ Chelsea ក្នុង Premier League ក្រោមការដឹកនាំដោយ គ្រូបង្គោលស្ដីទីលោក Ruud van Nistelrooy។

អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ នឹងបន្ដកាន់ការងារពីរប្រកួតទៀត មុនពេលដែលលោក Amorim ចូលកាន់តួនាទីជាគ្រូបង្គោលពេញសិទ្ធិនាថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ។

Fernandes បង្ហាញពីសុទិដ្ឋិនិយម ចំពោះសមត្ថភាពរបស់អ្នកចាត់ការថ្មីលោក Ruben Amorim ដោយរំពឹងថានឹងកែប្រែ Man United ឱ្យប្រសើរឡើង ពេលលោកចូលកាន់ការងារជាគ្រូបង្គោល។ Fernandes ធ្លាប់ជាកីឡាកររបស់ Sporting មុនពេលចូលរួមក្លឹបបិសាចក្រហម ហើយគេតែងតែតាមដានការប្រកួតអតីតក្រុមរបស់ខ្លួន និងពេញចិត្តចំពោះការដឹកនាំរបស់លោក Amorim។

គេបាននិយាយថា៖ “ខ្ញុំជាអ្នកគាំទ្រដ៏ងប់ងល់របស់ Sporting ហើយមើលការប្រកួតជាច្រើនរបស់ពួកគេ។ លោក Ruben Amorim បាននាំយកភាពរីករាយត្រលប់មកវិញ មានការប្រេះឆាមួយចំនួននៅ Sporting ពេលគាត់ទើបមកដល់។ គាត់បានផ្លាស់ប្ដូរគ្រប់យ៉ាង ដោយផ្គុំក្រុមបញ្ចូលគ្នាវិញ”។

អនាគតរបស់លោក Van Nistelrooy ក្នុងតំណែងគ្រូបង្វឹក Man Utd ស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ បន្ទាប់ពីលោក Amorim បានបញ្ជាក់ថា លោកមានបំណងនាំយក ក្រុមការងារគ្រូបង្វឹករបស់ខ្លួនមកកាន់ទឹកដី Old Trafford។

លោក Van Nistelrooy នឹងដឹកនាំ Man Utd ប្រកួត Europa League ទល់ POAK នារាត្រីថ្ងៃព្រហស្បតិ៍ ហើយលេងទល់ Leicester City ក្នុង Premier League នាថ្ងៃអាទិត្យ ហើយលោកនឹងត្រូវរង់ចាំមើលថាតើ អនាគតរបស់លោកនឹងទៅជាយ៉ាងណា ក្រោយការមកដល់របស់អ្នកចាត់ការជនជាតិព័រទុយហ្កាល់។

បុរសវ័យ៤៨ឆ្នាំនិយាយថា៖ “ខ្ញុំមានការបើកចំហរចំពោះអនាគតរបស់ខ្ញុំ។ យើងទាំងអស់គ្នានឹងគាំទ្រលោក Amorim និងជួយគាត់នាំ Man Utd ទៅកាន់ទីដែលពួកគេចង់ទៅដល់។ ខ្ញុំព្យាយាមស្គាល់គាត់ឱ្យបានច្រើន។ គាត់ធ្វើការបានយ៉ាងល្អនៅព័រទុយហ្កាល់។ គាត់ជាគ្រូបង្វឹកវ័យក្មេងដ៏មានទេពកោសល្យ ហើយគាត់ពិតជាធ្វើបានល្អនៅព័រទុយហ្កាល់”៕