ទោះបី Manchester United បានចាញ់២ប្រកួតចុងក្រោយជាប់គ្នា ពិសេសបរាជ័យដ៏ភ្ញាក់ផ្អើលនៅទឹកដីក្រុមទួរគី Istanbul Basaksehir ២-១ ក្នុងពាន Champions League កាលពីថ្ងៃពុធក្ដី ប៉ុន្តែថ្នាក់ដឹកនាំក្លិបនេះនៅតែបន្តផ្ដល់ការគាំទ្រដល់ការកាន់តំណែងអ្នកចាត់ការរបស់លោក Ole Gunnar Solskjaer ជាបន្តទៀតក្នុងរយៈពេលវែង។ តែទន្ទឹមនឹងនេះ ក្រុមប្រឹក្សាក្លិបបិសាចក្រហមទទួលស្គាល់ថាការលេងរបស់ក្រុមត្រូវតែពង្រឹងឱ្យប្រសើរជាងនេះ។ នេះយោងតាមប្រភពដែល Sky Sports ទទួលបាន។
Man Utd កំពុងឈរលេខរៀងទី១៥ក្នុងក្របខ័ណ្ឌ Premier League តែក្លិបគ្មានផែនការក្នុងការប្ដូរអ្នកចាត់ការឡើយ ទោះបីមានសេចក្ដីរាយការណ៍មួយចំនួនភ្ជាប់ក្លិបទៅនឹងលោក Mauricio Pochettino ក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតចាញ់ Istanbul Basaksehir លោក Solskjaer បានបិសេធមិនឆ្លើយតបនឹងសំណួរទាក់ទងនឹងការបណ្ដេញលោកពីតំណែងនៅ Old Trafford។ បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថារដូវកាលថ្មីទើបតែចាប់ផ្ដើមបានរយៈពេលខ្លីប៉ុណ្ណោះ តែមានអ្នកបញ្ចេញមតិអីចេះអីចេះគ្រប់ពេលវេលា។ លោកថាក្លិបបានជួលលោកមកធ្វើការ ហើយលោកខំធ្វើការអស់ពីសមត្ថភាពដែលលោកមានជាមួយនឹងក្រុមការងាររបស់លោក។
ចំពោះបរាជ័យរបស់ Man Utd នៅទឹកដី Basaksehir នោះដែរ វីរបុរសក្លិបបិសាចក្រហម លោក Paul Scholes បានលើកឡើងថាកីឡាករ Man Utd លេងដូចក្មេងអាយុក្រោម១០ឆ្នាំ។ ពិសេសការរបូតគ្រាប់បាល់ទី១ជាកំហុសរបស់កីឡាករទាំងស្រុង មិនមែនកំហុសអ្នកចាត់ការទេ។
ពាក់ព័ន្ធនឹងគ្រាប់បាល់នោះដែរ លោក Solskjaer បាននិយាយថាជាកំហុសដែលមិនអាចលើកលែងឱ្យបាន។
ដោយឡែក អតីតប្រធានក្រុម Man Utd លោក Roy Keane បាននិយាយថាអតីតមិត្តរួមក្រុមរបស់លោកអាចបាត់បង់ការងារដោយសារតែកីឡាករបច្ចុប្បន្នដែល Man Utd កំពុងមាននេះ។
សូមជម្រាបផងដែរថា Man Utd នឹងត្រលប់មកកាន់ការប្រកួតវិញនៅថ្ងៃសៅរ៍ទី៧ខែវិច្ឆិកា នៅទឹកដី Everton ដែលបានចាញ់២ប្រកួតចុងក្រោយជាប់គ្នាដែរ ក្រោមថ្វីជើង Southampton និង Newcastle បន្ទាប់ពីបានឈ្នះ៤ប្រកួតដំបូងជាប់គ្នា៕