សហរដ្ឋអាម៉េរិក៖ អតីតកីឡាករប្រដាល់សកល Floyd Mayweather ផ្ញើប្រាក់ ៧ម៉ឺនផោន ឬស្មើនឹង៨ម៉ឺន៨ពាន់១២៩ដុល្លារអាម៉េរិក ដើម្បីរៀបចំបុណ្យសពបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលបានស្លាប់កាលពីចុងខែឧសភា ឆ្នាំ២០២០ ដោយស្នាដៃប៉ូលិសស្បែកសអាម៉េរិក ។
លោក Floyd Mayweather មានវ័យ៤៣ឆ្នាំដែលបានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់កាលពីឆ្នាំ២០១៥មកនោះ ក៏បានចេញលុយធ្វើបុណ្យ ចំពោះអតីតគូប្រកួត Joe Frazier និងកីឡាករ Genaro Hernandez ដែលបានស្លាប់កាលពីឆ្នាំ១៩៩៨ទៀតផងដែរ ។
បើតាមសារព័ត៌មានពី The Sun ពិធីបុណ្យសពរបស់លោក George Floyd នឹងត្រូវប្រារព្ធធ្វើឡើងនៅ០៤ទីតាំងផ្សេងៗគ្នារួមមាននៅទីក្រុង Hoston, Minnesota, Charlotte និង១ទីតាំងទៀតកំពុងតែស្វែងរក ដើម្បីបញ្ជាក់ថា ជីវិតរបស់ជនជាតិស្បែកខ្មៅ ក៏មានតម្លៃស្មើនឹងស្បែកសផងដែរ ៕