ជើងឯកប្រដាល់ពិភពលោក៣ប្រភេទទម្ងន់ផ្សេងគ្នា Claressa Shields នឹងថែមអាជីពមួយទៀតគឺកីឡាគុនចម្រុះ (MMA) ហើយកីឡាការិនីអាមេរិកវ័យ២៥ឆ្នាំរូបនេះចង់បង្កើតប្រវត្តិសាស្ត្រឈ្នះជើងឯកពិភពលោកក្នុងប្រភេទកីឡាទាំង២នេះក្នុងពេលតែមួយ។
Claressa ដែលជាម្ចាស់មេដាយមាសអូឡាំពិក២គ្រឿងផងនោះ បានប្រកួតប្រដាល់សកលអាជីព១០លើកឈ្នះទាំង១០ដង ហើយនឹងបន្តអាជីពប្រដាល់នេះបន្តទៀត។
នាងនឹងចូលរួមស្ថាប័ន PFL ដែលជាលីគ MMA ដំបូងគេដែលមានរូបមន្តប្រកួតលក្ខណៈរដូវកាល ក្រោយរដូវកាល និងដណ្ដើមជើងឯក។
Claressa ចង់សម្រេចបានសមិទ្ធផលដូច Bo Jackson និង Deion Sanders ដែលមានអាជីពយ៉ាងត្រចះត្រចង់ក្នុងកីឡា២ប្រភេទផ្សេងគ្នាគឺបេស្បលនិងបាល់ឱបអាមេរិក។ Claressa មានមហិច្ឆតាចង់ក្លាយជាកីឡាការិនីអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ៕