Skip to content
    ទំព័រដើម  »  កីឡាជាតិ

បន្ទាប់ពីគុនល្បុក្កតោ ពេជ្រ ចរណៃ ចង់ធ្វើរឿងមួយក្នុងកីឡាចំបាប់វិញម្ដង

មានរយៈពេល១០ឆ្នាំមកហើយដែលតារាសម្ដែង ពេជ្រ ចរណៃ បានដើរលើវិថីកីឡាក្បាច់គុនល្បុក្កតោខ្មែរ។ មកទល់ពេលនេះ អ្នកខេត្តបន្ទាយមានជ័យខាងលើទទួលបានផ្លែផ្កាគួរកត់សម្គាល់ ទាំងការសម្ដែងផ្សព្វផ្សាយគុនល្បុក្កតោក្នុងព្រឹត្តិការណ៍ធំៗនានា និងជាពិសេសបានវិវឌ្ឍទៅជាគ្រូបង្ហាត់ ក៏ដូចជាអ្នកគ្រប់គ្រងសាលាក្បាច់គុនដែលផ្ដោតលើការបង្ហាត់កងទ័ព។

ទាំងនេះមិនទាន់បញ្ឈប់មហិច្ឆតារបស់ចរណៃទេ ដោយរូបនាងកើតកូនចិត្តមួយទៀត​ គឺចង់ឈានជើងចូលក្បាច់គុនចំបាប់ ផ្ដោតលើវិញ្ញាសាប្រយុទ្ធតែម្ដង។

ចរណៃ ធ្លាប់បានផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុកមួយថា ដើមចមនៃការហ្វឹកហាត់ក្បាច់គុនល្បុក្កត្តោនេះ ដោយសារតែពេលចូលសិល្បៈដំបូង ត្រូវបានផលិតកម្មមួយឱ្យសម្ដែងជាតួឯកស្រី ដែលចេះហាត់ក្បាច់គុន ប្រយុទ្ធ ចេះលោត ទាត់ធាក់ ចេះបាញ់ព្រួញ។ ការតម្រូវនេះហើយបាននាំឱ្យចរណៃចាប់ចិត្តនិងក្បាច់គុនល្បុក្កតោខ្មែរ។ បន្ទាប់ហាត់បាន ០១ខែ លោកគ្រូបង្ហាត់ល្បុក្កតោ ពន្យល់អំពីប្រវត្តិសាស្រ្ត ក្បាច់គុនល្បុក្កតោខ្មែរមានតាំងពីពេលណា និងដំណើរការហាត់តាមជំហាននីមួយៗយ៉ាងណា ហើយបុព្វបុរសរូបណាដែលបង្កើតក្បាច់គុននេះ។ចរណៃបានចាប់ផ្តើមចាប់អារម្មណ៍គុនល្បុក្កតោរហូតមក។