Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ក្លឹបមួយចំនួននៅ MLS កំពុងចាប់អារម្មណ៍ Neymar ដែលជិតផុតកុងត្រាជាមួយ Al-Hilal

តារាឆ្នើមប្រេស៊ីល Neymar Jr. ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹបអារ៉ាប៊ី សាអ៊ូឌីត Al-Hilal ត្រូវបានរាយការណ៍ថា កំពុងចរចាជាបឋមជាមួយនឹងក្លឹបនៃក្របខណ្ឌ Major League Soccer ដែលក្នុងនោះក៏មាន Chicago Fire ផងដែរ នេះបើយោងតាម ESPN។

ប្រភពខាងលើបានបន្ថែមថាបច្ចុប្បន្ន Inter Miami មិនស្ថិតក្នុងចំណោមក្លឹបដែលដេញថ្លៃក្នុងការនាំយក Neymar នោះទេ ហើយអ្នកចាត់ការថ្មីរបស់ពួកគេលោក Javier Mascherano បាននិយាយកាលពីថ្មីៗនេះថា វាពិតជាពិបាកទៅរួចណាស់ ក្នុងការនាំយកអតីតសមាជិករបស់ Barcelona រូបនេះមកកាន់ Miami ដោយសារប្រឈមនឹងច្បាប់ដែលកំណត់ដោយ MLS។

ទោះយ៉ាងណាក្ដី ប្រភពរបស់ EPSN ពីប្រេស៊ីល បានទម្លាយថាក្លឹបនៅអាមេរិកអាចជាគោលដៅបន្ទាប់សម្រាប់អាជីព Neymar ដ្បិតកិច្ចសន្យារបស់គេនៅ Al-Hilal សល់សុពលភាពត្រឹមតែ៦ខែទៀតប៉ុណ្ណោះ។

Chicago Fire ជាបេក្ខភាពមួយក្នុងការប្រជែងការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ ជាមួយក្លឹបពីរផ្សេងទៀតក្នុង MLS។ ទោះយ៉ាងណាក្ដី Fire ពុំមានការលើកឡើងអ្វីពាក់ព័ន្ធនឹង Neymar នោះទេ។

Neymar បានប្រឈមនឹងបញ្ហាដ៏ធំក្នុងអាជីពបាល់ទាត់ ដោយសាររបួស តាំងពីគេចូលរួម Al-Hilal ពី PSG អំឡុងទីផ្សារដោះដូររដូវក្ដៅ ឆ្នាំ២០២៣ ជាមួយតម្លៃផ្ទេរ ៩៧.៦លានដុល្លារអាមេរិក។ គេបានរងរបួស ACL ត្រង់ជង្គង់ខាងឆ្វេង ខណៈបំពេញភារកិច្ចជូនក្រុមជម្រើសជាតិប្រេស៊ីល ពោលមិនយូរប៉ុន្មានក្រោយចូលរួម Al-Hilal។

គេបានត្រលប់មកកាន់ទីលានប្រកួតជាថ្មី ក្នុងខែតុលា ប៉ុន្ដែក្រោយមកបានរងរបួសសរសៃរពួរ ដែលធ្វើឱ្យគេខកខានបង្ហាញខ្លួនជាច្រើនប្រកួតបន្ថែមទៀត ក្នុងរដូវកាលនេះ។ គេបង្ហាញខ្លួនសរុបបានតែ៧ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបអារ៉ាប៊ី សាអ៊ូឌីត និងរកគ្រាប់បាល់មួយគ្រាប់ ក្នុងវគ្គចែកពូល AFC Champions League ទល់ Nassaji Mazandaran។

ទោះគ្មានវត្តមានរបស់ Neymar តែ Al-Hilal បានឈ្នះជើងឯក Saudi Pro League នារដូវកាលមុន។ អតីតខ្សែប្រយុទ្ធរបស់ Barcelona នៅសល់កុងត្រាជាមួយ Al-Hilal ដល់ចុងខែមិថុនា ឆ្នាំ២០២៥ ហើយគេអាចចរចា Pre-contract ជាមួយក្លឹបដទៃបាន ប្រសិនបើមិនបន្ដជាមួយក្លឹបបច្ចុប្បន្នរបស់គេ។

Neymar នៅតែត្រូវបានចាត់ទុកថា ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប តាំងពីគេបង្ហាញសមត្ថភាពល្អបំផុតក្នុងអាជីពរបសខ្លួននៅ Barcelona ជាមួយដៃគូប្រយុទ្ធ Lionel Messi និង Luis Suarez រវាងឆ្នាំ ២០១៣ដល់២០១៧។

ក្នុងរយៈពេល៤ឆ្នាំនៅទឹកដី Camp Nou, Neymar បានរួមចំណែកជួយ Barca ឈ្នះជើងឯក UEFA Champions League ម្ដង La Liga ពីរដង និង Copa del Rey ៣លើក។ ក្រោយមកគេបានចូលរួម PSG ក្នុងឆ្នាំ២០១៧ ជាមួយតម្លៃបំបែកកំណត់ត្រាផ្ទេរខ្ពស់បំផុត ២២២លានអឺរ៉ូ។ ក្នុងរយៈពេល៦ឆ្នាំនៅ Parc des Princes គេបានជួយ PSG ឈ្នះជើងឯក Ligue 1 ៥លើក French Cup ៣ដង និង League Cup ពីរដង៕