AC Milan ត្រូវបានរំពឹងថា ជាក្រុមដែលមានសង្ឃឹមក្នុងការឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្នុងប្រកួត Playoff ជើងទី២ បន្ទាប់មានគ្រាប់បាល់នៅដើមវគ្គទី១ មុនពេលដែលខ្សែការពារ Theo Hernandez ទទួលបានកាតក្រហម ប៉ុន្ដែក្រុមជើងឯកអឺរ៉ុបច្រើនសម័យបានធ្លាក់ចេញពីការប្រកួតទាំងមិនអស់ចិត្តក្រោមថ្វីជើង Feyenoord។
បន្ទាប់ពីត្រូវបានក្រុមហុល្លង់យកឈ្នះក្នុងជើងទី១ ដោយលទ្ធផល ១-០, Milan មានឱកាសតាមស្មើវិញនៅនាទីដំបូងនៃការប្រកួតជើងទី២ ពីគ្រាប់បាល់របស់ ខ្សែប្រយុទ្ធម៉ិកស៊ីកូ Santiago Gimenez ប៉ុន្ដែក្រោយពេលដែល Hernandez ទទួលបានកាតលឿងទី២ និងត្រូវបានបណ្ដេញចេញពីទីលាន នៅដើមវគ្គទី២ បានធ្វើឱ្យមានចន្លោះសម្រាប់ Feyenoord ក្នុងការរកគ្រាប់បាល់តាមស្មើ និងបានទម្លាក់ក្រុមអ៊ីតាលី ដោយលទ្ធផលសរុបទាំងពីរជើង ២-១។
ក្រុមជើងឯក Champions League ៧សម័យ ធ្វើបានយ៉ាងល្អក្នុងពានរង្វាន់អឺរ៉ុបរដូវកាលនេះ ដោយឈ្នះ៥លើក ក្នុង៧ប្រកួតដំបូងនៃវគ្គចែកពូល រួមទាំងជ័យជម្នះទល់ក្រុមការពារជើងឯក Real Madrid នៅទឹកដី Santiago Bernabeu 1-3 ប៉ុន្ដែបរាជ័យទល់ Dinamo Zagreb ក្នុងប្រកួតចុងក្រោយនៃវគ្គចែកពូល បានធ្វើឱ្យពួកគេរបូតឱកាសទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ដែលកាលនោះកីឡាករ Yunus Musah ទទួលបានកាតក្រហម។
អ្នកចាត់ការ AC Milan លោក Sergio Conceicao យល់ឃើញថា ក្រុមរបស់លោកមានប្រៀបជាងគូប្រកួតក្នុងការឡើងទៅកាន់វគ្គ១៦ក្រុម ប៉ុន្តែដោយសារការទទួលបានកាតក្រហម ធ្វើឱ្យលទ្ធផលល្អមិននៅខាងក្រុមរបស់លោក៕