ដោយទទួលបានការប្រមូលផ្ដុំពី ក្រសួងអប់រំ យុវជន និងកីឡា នៅដើមខែមេសា ខាងមុខនេះ ប្រធាន សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំការប្រកួតតេស្តសាកល្បងសមត្ថភាព ក្រុមជម្រើសជាតិទាំងក្រុមធំ និងតូច ត្រៀមការប្រកួតអន្ដរជាតិនានា តាមរយៈការរៀបចំឲ្យមានការប្រកួតជាប្រចាំ រវាងក្រុមជម្រើសជាតិ និងក្លិប។
ប្រធានសហព័ន្ធខាងលើ មានប្រសាសន៍ថា៖ ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការប្រមូលផ្ដុំក្រុមជម្រើសជាតិ ចំនួន ២ប្រភេទ គឺការប្រមូលផ្ដុំក្រុមជម្រើសជាតិឈុតធំ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល សម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ ។
ឯកឧត្តមបានបន្តទៀតថា៖ សហព័ន្ធក៏បានរៀបចំធ្វើតេស្ដ ដើម្បីចម្រាញ់យក កីឡាករ-កីឡាការិនីឆ្នើមៗ ទាំងថ្នាល និងឈុតធំ សម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំ នាអំឡុងខែ មេសា ខាងមុខ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ទាំងកម្រិតយុវជនថ្នាល និងក្រុមធំ ពិសេសគឺការសម្រួចទិសដៅឆ្ពោះទៅព្រឹត្តិការណ៍ធំៗទាំងពីរ។ ជាមួយគ្នានោះដែរ សហព័ន្ធក៏នឹងប្រើនូវយុទ្ធសាស្ដ្រថ្មី ដើម្បីធានាការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ក្នុងការប្រមូលផ្ដុំនេះផងដែរ។
ប្រធានថ្មីរូបនេះបន្តទៀតថា «ការប្រមូលផ្ដុំហ្វឹកហាត់ឆ្នាំនេះ ជាយុទ្ធសាស្ដ្ររបស់ សហព័ន្ធ គឺមានភាពប្លែក ដោយសារសហព័ន្ធគ្រោងសហការជាមួយបណ្ដាក្លិបប្រដាល់សកលនៅរាជធានីភ្នំពេញ ដើម្បីរៀបចំការប្រកួត លក្ខណៈបោះជំរំប្រកួតហ្វឹកហាត់រៀងរាល់ ២សប្ដាហ៍ម្ដង ដែលយើងនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែ មីនា តទៅ ។ នេះជាយុទ្ធសាស្ដ្រថ្មី ដើម្បីពង្រឹងបច្ចេកទេស ក៏ដូចជាផ្ដល់ឱកាសបន្ថែមដល់ កីឡាករធ្វើការប្រកួតឲ្យបានញឹកញាប់ ដើម្បីដកស្រង់បច្ចេកទេស» ។
«ក្រៅពីគម្រោងនេះ សហព័ន្ធក៏មានផែនការរៀបចំការប្រកួតឲ្យបាន ១ខែម្ដង សម្រាប់ថ្នាលផងដែរ រវាងថ្នាលជម្រើសជាតិ និងថ្នាលតាមបណ្ដាក្លិប ក្នុងន័យពង្រឹងសមត្ថភាព និងបច្ចេកទេសពួកគេត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដូចគ្នា» ។ ឯកឧត្តម ប៊ុយ សុភ័ណ្ណ បន្ថែម ៕