អ៊ូសបេគីស្ថាន និងហ្សកដានីឡើងទៅ World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ, កូរ៉េខាងត្បូងកក់កៅអីលើកទី១១ជាប់គ្នា, ឥណ្ឌូនេស៊ី នៅមានសង្ឃឹម ខណៈ ប្រេស៊ីលបាន១ពិន្ទុក្នុងការដឹកនាំដំបូងរបស់លោក Ancelotti

sok sovanpanha
151 មើល
1 នាទីអាន
- Advertisement -

គិតមកដល់ពេលនេះវគ្គជម្រុះ FIFA World Cup 2026 ដែលនឹងធ្វើឡើងលើទឹកដីសហម្ចាស់ផ្ទះ៣ប្រទេសរួមគ្នាដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក បានរកឃើញប្រទេសមួយចំនួនបានកក់កៅអីជាបន្តបន្ទាប់ទៅតាមតំបន់រៀងៗខ្លួន។ តួយ៉ាងសម្រាប់តំបន់អាស៊ីនៅពេលនេះបានរកឃើញក្រុមដែលទទួលបានសិទ្ធពេញលេញក្នុងការហោះទៅចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកមាន ៥ក្រុមរួចមកហើយ ក្នុងនោះរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ូសបេគីស្ថាន និងហ្សកដានី។

អ្វីគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺមានពីរប្រទេសដែលសុទ្ធសឹងជាលើកទី១ហើយដែលពួកគេទទួលបានឱកាសដ៏កម្រមួយនេះ គឺប្រទេសអ៊ូសបេគីស្ថាន និងហ្សកដានី។ ក្រោយការឈ្នះ០ ទល់នឹង ៣លើក្រុមអូម៉ង់ កាលពីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥​បានចារជាប្រវត្តិសាស្រ្តសម្រាប់ក្រុមមកពីតំបន់អាស៊ីខាងលិចមួយនេះក្នុងការបានកៅអីទៅ FIFA World Cup 2026 ។ ស្ថិតក្នុងពូល B ដោយឈរនៅចំណាត់ថ្នាក់លេខ២ មាន១៦ពិន្ទុពីការប្រកួត ៩លើកកន្លងមកនេះ ពោលទើបតែស្គាល់បរាជ័យម្តងប៉ុណ្ណោះក្រោមថ្វីជើងក្រុមឈរកំពូលតារាងកូរ៉េខាងត្បូង ០ ទល់នឹង ២ កាលពីឆ្នាំ២០២៤។

សម្រាប់ពូល A ក្រៅតែពីការធានាកៅអី១០០ភាគរយរបស់ក្រុមអ៊ីរ៉ង់ សម្រាប់ក្រុម អ៊ូសបេគីស្ថានក៏បានមួយកៅអីដែលសម្រាប់ការលេងក្នុងព្រឹត្តិការណ៍ FIFA World Cup លើកដំបូងរបស់ខ្លួន។ ដោយក្រុមរហ័សនាមចចកសមួយនេះឈរនៅចំណាត់ថ្នាក់លេខពីរប្រចាំពូលដោយលេង ៩ដង ឈ្នះ៥ ស្មើ៣ និងចាញ់១ មានពិន្ទុសរុប១៨ពិន្ទុ។

ជាមួយគ្នាដែរ កាលឈ្នះរបស់កូរ៉េខាងត្បូង ២ទល់នឹង ០ លើក្រុមអ៊ីរ៉ាក់កាលពីយប់មិញនេះបានជួយឱ្យក្រុមដែលឈរលើកំពូលតារាងនៃពូល B មួយនេះបង្កើតបានកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួនក្នុងការឡើងទៅកាន់ព្រឹត្តិការណ៍ World Cup ១១លើកជាប់គ្នា ពោលរាប់ចាប់តាំងពីឆ្នាំ ១៩៨៦ មកដល់ឆ្នាំ ២០២៦នេះ ក្រុមដឹកនាំដោយលោក Hong Myung-bo មួយនេះតែងតែមានវត្តមានមករហូត។

ចំណែកឯក្រុមដែលនៅមានសង្ឃឹមក្នុងការបន្តយុទ្ធនាការជម្រុះ FIFA World Cup 2026 ជុំបន្ទាប់ទៀតមាន៦ប្រទេសទៀតមានដូចជា អេមីរ៉ាតអារ៉ាប់រួម, កាតា, អ៊ីរ៉ាក់, អូម៉ង់, ឥណ្ឌូនេស៊ី, អារ៉ាប៊ីសាអូឌីត, ស្របពេលអូស្ត្រាលីមិនទាន់មានភាពប្រាកដប្រជាក្នុងការមានកៅអីទៅលេង World Cup 2026 ដោយត្រូវចាំអ៊ុតមួយប្រកួតចុងក្រោយពេលប៉ះអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ។

ក្នុងនោះផងដែរ សម្រាប់លោក Patrick Kluivert គ្រូបង្គោលថ្មីថ្មោងក្រុមឥណ្ឌូនេស៊ីក្រោយឈ្នះចិនកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ១ ទល់នឹង ០មក លោកបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងសម្រាប់គុណផលរបស់កូនក្រុមលោក ពិសេសលោកថាផលទាំងអស់នេះបានកើតចេញពីការប្រមូលផ្តុំហ្វឹកហាត់ទៅលើកោះបាលីកន្លងមកនេះ។ ចំណែកឯលោក Julen Lopetegui

ក៏បានបង្ហាញក្តីរំពឹងខ្លាំងក្នុងការដឹកនាំក្រុមកាតាមានឱកាសបង្ហាញខ្លួនក្នុងការប្រកួត FIFA World Cup 2026 បន្តទៀត ក្រោយទទួលបានជ័យជំនះលើក្រុមកំពូលតារាង អ៊ីរ៉ង់ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងរាត្រីដដែលនេះ។

ជាមួយគ្នាសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលក្នុងវគ្គជម្រុះ FIFA World Cup 2026 នៅតំបន់អាមេរិកខាងត្បូងក្រុមរហ័សនាមសាំបានេះបានបញ្ចប់ទៅក្នុងលទ្ធផល ០ ស្មើជាមួយក្រុមអេក្វាឌ័រក្រោមការដឹកនាំប្រកួតដំបូងរបស់អ្នកចាត់ការក្រុមសញ្ជាតិអ៉ីតាលី Carlo Ancelotti ក្រោយចូលកាន់តំណែងនេះទើបតែបានជាង ២០ថ្ងៃជាងប៉ុណ្ណោះ។

ទន្ទឹមគ្នាដែរ អតីតកូនក្រុមនៅក្លឹប Real Mardrid កីឡាករ Vinicius Junior និង Casemiro សុទ្ធសឹងតែនិយាយស្រដៀងគ្នាថាក្រុមជម្រើសជាតិប្រេស៊ីលទាំងមូលត្រូវតែទុកពេលសម្រាប់លោក Ancelotti បន្ថែមទៀតក្នុងការបង្ហាញគុណផលរបស់គ្រូបង្វឹកវ័យ ៦៥ឆ្នាំនេះ។

ក្រុមជម្រើសជាតិប្រេស៊ីលស្ថិតក្នុងវគ្គជម្រុះតំបន់ CONMEBOL កំពុងឈរនៅចំណាត់ថ្នាក់ទី៤ មាន ២២ពិន្ទុ ពីការប្រកួត ១៥លើកកន្លងមកនេះ៕