យុវជន សារិន នរលក្ខចេស្តា និងយុវតី ហៀង សុមាវតី ជាដៃគូវាយសីជាមួយគ្នាក្នុងវិញ្ញាសាវាយគូជម្រុះដែលទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតកីឡាវាយសីមិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញ លើកទី៣ បានលើកឡើងពីដំណើរដើមចមដែលអ្នកទាំងពីរចូលចិត្តនិងចាប់លេងកីឡាមួយប្រភេទនេះ ដោយអ្នកទាំងពីរបានលើកឡើងស្រដៀងៗគ្នាថាការលេងកីឡាវាយសីមួយនេះពិតជាផ្តល់នៅភាពវិជ្ជមានជាច្រើនសម្រាប់ពួកគេ ដោយបានថាកីឡាប្រើប្រាស់រ៉ាកែតមួយនេះជួយបញ្ចេញជាតិពុលពីរាងកាយបានខ្ពស់ ភាពមានសុវត្ថិភាពក៏ខ្ពស់អំឡុងពេលលេងមិនប្រឈមខ្លាំង បើធៀបជាមួយកីឡាផ្សេងៗ។
បទពិសោធលេងកីឡាមួយនេះតាំងតែពីក្មេងៗយុវតីវ័យ ១៨ឆ្នាំ និងយុវជនវ័យ១៧ឆ្នាំទាំងពីរបានលើកទឹកចិត្តខ្លាំងមែនទែនសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅគួរសាកល្បងលេងកីឡាមួយនេះទាំងអស់គ្នា ដើម្បីទទួលបានសុខភាពមាំមួន។
បញ្ជាក់ថា អ្នកទាំងពីរជាដៃគូគ្នាក្នុងវិញ្ញាសាវាយគូជម្រុះក្នុងការប្រកួត កីឡាវាយសីមិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញ លើកទី៣ ឆ្នាំ២០២៥នេះ ដោយបញ្ចប់ទៅក្នុងនាមជាម្ចាស់មេដាយមាសក្នុងប្រភេទវិញ្ញាសាមួយនេះផងដែរ៕