មិនបានធ្វើជាអ្នកកីឡាខ្លួនឯង ប៉ុន្តែឪពុកកីឡាករជឺជីតស៊ូ ទូច ពីរកក្កដា សប្បាយចិត្តកូនបានក្លាយជាកីឡាករឆ្នើម

Neak Tola
29 មើល
0 នាទីអាន

លោក ទូច មិល ឪពុកបង្កើតកីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា ទូច ពីរកក្កដា ប្រាប់ថា ពិតជាសប្បាយចិត្តដែលកូនអាច​ក្លាយជាកីឡាករដ៏ឆ្នើមមួយរូបរកបានសមិទ្ធផលល្អៗយ៉ាងច្រើនជូនជាតិជាហូរហែ។ លោកថា នេះក៏សមនឹងបំណងរបស់លោកដែលបានជំរុញកូនប្រុសឈានជើងចូលក្នុងវិស័យកីឡា ព្រោះកាលពីក្មេងលោកក៏ចង់ក្លាយជាអ្នកកីឡាមួយរូបដែរ តែស្ថានភាពស្រុកទេសមិនអំណោយផល ទើបអាចមិនអាច​បំពេញបាន។

លោកបន្តថា ធ្លាប់ហ្វឹកហាត់​ហ្វឹកហាត់កីឡាការ៉ាតេកាលពីតូចអំឡុងសម័យសាធារណរដ្ឋ តែមិនបានក្លាយជាកីឡាករទេ ព្រោះនៅតូចពេក។ លុះក្រោយមក សម័យ៣ឆ្នាំ៨ខែ២០ថ្ងៃចូលមកដល់ បំណងប្រាថ្នាក្លាយជាអ្នកកីឡាក៏រលាយបាត់ទៅ។ បន្ទាប់ពីប្រទេសជាតិបានរួចផុតពីវេលាខ្មៅងងឹត លោកក៏នៅតែមិនអាចបន្តក្ដីស្រមៃបានដោយសារតែជីវភាពលំបាក ត្រូវជួយរកប្រាក់គ្រួសារ។ ហេតុដូច្នោះហើយនៅពេលឃើញប្រទេសមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍទៅមុខ ជាឱកាសដែលលោកអាចជំរុញកូនចូលហ្វឹកហាត់កីឡាបាន។

សម្រាប់សាមីកីឡាករ ទូច ពីរកក្កដា វិញ ទទូចថា ការហ្វឹកហាត់ដំបូងៗអំឡុង៤ឆ្នាំមុន មិនសូវរលូនប៉ុណ្ណោះទេ ព្រោះឈឺខ្លួនពេក តែដោយសារការជំរុញពីឪពុក និងការប្រឹងប្រែង ទើបគេអាចបន្តទៅមុខដល់បច្ចុប្បន្ន។​

ទូច ពីរកក្កដា ទទួលបានមេដាយមាស១គ្រឿង និងប្រាក់១គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍កម្រិតតំបន់នៅហ្វីលីពីនថ្មីៗនេះ។ កាលស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និស្សិតឆ្នាំទី៣ផ្នែកច្បាប់រូបនេះក៏បានឈ្នះមេដាយមាស២គ្រឿងផងដែរ៕