យុវជន ម៉ែង វឌ្ឍនា និងប្អូនប្រុសបង្កើត ម៉ែង សូនី ក្នុងពេលមកតេស្តសមត្ថភាពមុនត្រៀមឡើងសង្វៀនប្រកួតនៃកម្មវិធីរបស់ស្ថាប័ន Interclub លើកទី១៣បានលើកឡើងពីដំណើរមុនពួកគេចាប់អារម្មណ៍និងប្រឡូកក្នុងវិស័យគុនខ្មែរនេះគឺកើតចេញពីការចង់បន្ធូរភាពតានតឹងជុំវិញបញ្ហាការងារ ក៏ដូចជាការសិក្សា។ ដោយបងប្អូនទាំងពីរបន្តទៀតថាកត្តាដែលនាំពួកគេយកគុនខ្មែរជាកីឡាគោលសម្រាប់ហ្វឹកហាត់នេះក៏ព្រោះពួកគេធ្លាប់សាកល្បងកីឡាផ្សេងៗដែរ តែហាក់មិនសមស្របជាមួយចំណង់ចំណូលចិត្ត។
ដោយបងប្អូនមកពីខេត្តកណ្តាលនេះបានបន្តទៀតថាគុនខ្មែរហាក់ហុចផលពិតៗសម្រាប់ពួកគេជាក់ស្តែងកីឡាមួយនេះទាមទារឱ្យអ្នកហ្វឹកហាត់គោរពវិន័យខ្ពស់ ការបញ្ចេញជាតិពុលបានច្រើន ជួយឱ្យមានរាងកាយមាំមួន ណាផ្សេងៗទៀតក៏អាចជាការជួយអភិរក្សក្បាច់គុនបុរាណយើង។
ឆ្លើយតបទៅកាន់ថាតើពួកគេចង់ចាប់គុនខ្មែរជាអាជីពឬយ៉ាងណា បងប្អូនទាំងពីរនេះបញ្ជាក់ច្បាស់ៗថាពួកគេគ្រាន់តែចង់ហាត់សុខភាពៗ ក៏ដូចជាការចង់បង្កើតនៅអនុស្សាវរីយ៍មួយសម្រាប់ដំណើរជីវិតរបស់ពួកគេតាមរយៈការឡើងប្រកួតសង្វៀនលក្ខណៈពាក់កណ្តាលអាជីព៕